ព័ត៌មាន
អ្នកសារព័ត៌មានចំនួន១០០នាក់ ទស្សនកិច្ចព្រលានយន្តអន្តរជាតិតេជោ ដើម្បីបង្កើនការផ្សព្វផ្សាយសក្តានុពលកម្ពុជា
នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានចំនួនប្រមាណ១០០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៦០ បានចុះទស្សនកិច្ចវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ ដែលរៀបចំឡើងដោយលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្លិបអ្នកកាសែតកម្ពុជា ខណៈព្រលានថ្មីនេះ គ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្រោយចប់ដំណើរទនស្សកិច្ចនេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននាពេលនេះ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនសាធារណជនអំពីគម្រោងការសាងសង់ ថាតើបានវិវឌ្ឍឈានដល់ចំណុចណាហើយ ថាតើមានលក្ខណៈអស្ចារ្យអ្វីខ្លះ និងការចំណាយប្រាក់ក្នុងការសាងសង់ចំនួនប៉ុន្មានជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយសារអ្នកសារព័ត៌មានគឺជាស្ពានដ៏សំខាន់ នៅក្នុងការផ្តល់យកព័ត៌មានពីកន្លែងមួយ ទៅកន្លែងមួយ ពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋ ត្រឡប់មករាជរដ្ឋាភិបាលវិញ ឬក៏ពីក្រុមហ៊ុនទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកក្រុមហ៊ុនវិញ។

លោកប្រធានក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងទៀតថា ការអញ្ជើញចុះដោយផ្ទាល់របស់ក្រុមអ្នកសារព័ត៌មាននាពេលនេះ នឹងត្រូវផ្សាយចេញចំនួន៥ភាសា មានដូចជា ភាសាខ្មែរ វៀតណាម អង់គ្លេស បារំាង និងចិន។
នៅក្នុងកិច្ចប្រជុំជាមួយក្រុមអ្នកសារព័ត៌មាន លោកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រៅពីក្រុមអ្នកសារព័ត៌មាន មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ។ ទន្ទឹមនេះ មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំព្យាយាម ទាក់ទាញ ជំរុញ និងពង្រឹងឱ្យមានការតភ្ជាប់ជើងហោះហើរមកដោយផ្ទាល់ពីប្រទេសរបស់ពួកគេមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែលសំខាន់នោះគឺ ពួកគាត់នឹងខិតខំទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង