ព័ត៌មាន
ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស
នៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ដែលកិច្ចអន្តរាគមន៍បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កិច្ចអន្តរាគមន៍បានធ្វើឡើង ក្នុងរាជធានី-ខេត្តចំនួន១៧គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី សប្បុរសជន និងសហគមន៍មូលដ្ឋាន និងបានប្រើប្រាស់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ។
បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥នេះ ផែនការធ្វើស្រូវប្រាំងសរុបមានចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍មានចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍មានចំនួន ៩៣១៣៣ហិកតា។
ទន្ទឹមនឹងនេះ របាយការណ៍បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន ៤គ្រឿង ហើយបានប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៤៤៤៨០លីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននានា។
ជាចុងក្រោយ របាយការណ៍ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។
សូមបញ្ជាក់ថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ៕








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦