ព័ត៌មាន
ត្រឹមត្រីមាសទី១ឆ្នាំនេះអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧ម៉ឺននាក់បានមកទទួលសេវាថែទាំ និងព្យាបាល ខណៈកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០ នាក់
ភ្នំពេញ ៖ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានកោតសរសើរក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ០,៥ % នៅឆ្នាំ២០២៣ និងសម្រេចបាន ៨៩-៩៨-៩៨ នៃគោលដៅកំណត់៩៥។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការបង្ការការឆ្លងមេរោគអេដស៍ តាមរយៈវិធីសាស្រ្តការបង្ការមុនការប្រព្រឹត្តប្រឈម (PrEP)”។
ឯកឧត្តមបណ្ឌិតបានបន្តថាការសម្រេចបាននូវលទ្ធផលជាទីមោទននេះ គឺដោយសារមានចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ និងអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងការគិតគូរប្រកបដោយគតិបណ្ឌិត មោះមុត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ព្រមទាំងមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ឯឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងឈានទៅសម្រេចបាននូវកម្មវត្ថុចំនួនបី ១)កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឱ្យបានតិចជាង ១នាក់ក្នុងមួយថ្ងៃ ឬប្រមាណជាង ២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ឱ្យនៅក្រោម ២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ។
តាមរយៈបទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល បានបង្ហាញថា មកដល់ត្រីមាសទី១ ឆ្នាំ២០២៥នេះ មានអ្នកផ្ទុកមេរោគអេដស៍បានមកទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍មានចំនួនប្រមាណ ៧០.០១៣នាក់។ តាមការប៉ាន់ប្រមាណបែបវិទ្យាសាស្រ្តក្នុងឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណជា ៧៦.០០០នាក់ ដោយក្នុងនោះមានអ្នកឆ្លងថ្មីប្រមាណជា ១.២០០នាក់ ដែលភាគច្រើនជាក្រុមប្រជាជនគន្លឹះដូចជា ក្រុមស្រ្តីបម្រើការនៅសេវាកម្សាន្តសប្បាយ ក្រុមបុរសរួមភេទនឹងបុរស ក្រុមបំប្លែងភេទ ក្រុមប្រើប្រាស់គ្រឿងញៀន និងក្រុមអ្នកចាក់គ្រឿងញៀន ដែលចំនួនសរុបប្រមាណជា ១៦០.៧៦៣នាក់។
ជាបន្ត លោកវេជ្ជបណ្ឌិត បានជម្រាបជូនដល់អង្គប្រជុំផងដែរ ពីវិធីសាស្រ្តផ្តល់ឱសថបង្ការមុនការប្រព្រឹត្តប្រឈម ប្រឹព (PrEP) ដែលត្រូវតែអនុវត្តតាមនិយាមនៃការប្រើប្រាស់អនុម័តដោយក្រសួងសុខាភិបាល។ មកដល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជា មានសេវា ប្រឹព (PrEP) ចំនួន ៤៥កន្លែង ដែលមានអ្នកបានទទួល PrEP បានចំនូន ៣៤.០០០នាក់ ក្នុងនោះ បុរសរួមភេទនឹងបុរស ៦៩% ក្រុមបំប្លែងភេទ ១៣% ស្រ្តីបម្រើនៅសេវាកម្សាន្តសប្បាយ ១៥% និងដៃគូរបស់អ្នកផ្ទុកមេរោគអេដស៍ ឬក្រុមប្រជាជនគន្លឹះ ៣%។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ពីសកម្មភាពមួយចំនួនដែលគាំទ្រដល់អនុវត្ត ប្រឹព (PrEP) ក្នុងការឈានទៅសម្រេចបាននូវគោលដៅកំណត់ និងវិធីសាស្រ្តនៃការប្រើប្រាស់ PrEP ព្រមទាំងផែនការប្រចាំឆ្នាំសម្រាប់ការអនុវត្ត៕
អត្ថបទ រដ្ឋា














-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា