ព័ត៌មាន
កម្ពុជាត្រូវអភិវឌ្ឍវិស័យឌីជីថលឱ្យឆាប់រហ័ស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ
កម្ពុជាត្រូវការអភិវឌ្ឍវិស័យឌីជីថលឱ្យបានឆាប់រហ័ស ទាន់ពេលតាមការវិវឌ្ឍន៍របស់ពិភពលោកសម័យឌីជីថល និងមានយន្តការ លើកទឹកចិត្តយុវជន យុវនារីខ្មែរ មានចំណេះវិជ្ជាបច្ចេកវិទ្យាខ្ពស់ ដែលកំពុងធ្វើការនៅក្រៅប្រទេស ទាក់ទាញពួកគាត់ឱ្យមកជួយដោះ ស្រាយដល់ការអភិវឌ្ឍ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។

ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា លើកឡើងនៅក្នុងកិច្ចពិភាក្សា នៃវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៥ ខែមីនា នេះថា ជុំវិញវិស័យបច្ចេកវិទ្យានេះ ការប្រកួតប្រជែងក្នុងពិភពលោក ក្នុងនោះប្រទេសមហាអំណាចក្នុងពេលបច្ចុប្បន្ន ប្រទេសនីមួយៗចាំបាច់ត្រូវមានបច្ចេកវិទ្យាខ្ពស់ ពោរពេញដោយក្រុមហ៊ុនឌីធីផលធំៗ ឈានមុខគេ។ ការធ្វើសង្គ្រាមដណ្ដើមវាទិ៍ទីដើម្បីរុករកវត្ថុធាតុដើមដូចជា ធាតុដ៏កម្រដើម្បីផលិតម៉ៃក្រូឈីប (microchips) សឺមីកុង- ដាក់ទ័រ (semi-conductors) មានភាពស្រួចស្រាល់ឡើងៗ ហើយពិភពលោកឈានចូលយុគសង្រ្គាមត្រជាក់នៃសម័យឌីជីថល។

បញ្ហានេះ, កម្ពុជាត្រូវការអភិវឌ្ឍវិស័យឌីជីថលឱ្យបានឆាប់រហ័ស ទាន់ពេលតាមការវិវឌ្ឍន៍របស់ពិភពលោក សម័យឌីជីថល ដោយត្រូវប្រកាន់យកនូវការអភិរក្សវប្បធម៌ និងទំនៀមទម្លាប់ ជាអត្តសញ្ញាណជាតិខ្មែរ។ យើងត្រូវធ្វើនវានុវត្តន៍បច្ចេកទេសឌីជីថល ទាំងឡាយណា ដែលមានប្រយោជន៍ដល់ការប្រើប្រាស់ដល់ប្រជាពលរដ្ឋថ្នាក់កណ្ដាល និងថ្នាក់ក្រោម ភាគច្រើនចេះអានតែភាសាខ្មែរ ដែលជាភាសាផ្លូវការ។ បន្ថែមពីនេះ ការរៀនប្រើកុំព្យូទ័រ និងកម្មវិធីទំនាក់ទំនងសង្គម, ប្រជាពលរដ្ឋខ្មែរត្រូវរៀន និងចេះប្រើប្រព័ន្ធបញ្ញា សិប្បនិម្មិត ដោយចាប់ផ្ដើមរៀនតាមគ្រូបង្រៀន AI ។ ក្រៅពីនេះ គួរតែមានយន្តការដើម្បីលើកទឹកចិត្តយុវជន យុវនារីខ្មែរ ដែលមាន ចំណេះវិជ្ជាបច្ចេកវិទ្យាខ្ពស់ កំពុងបម្រើការនៅក្រៅប្រទេស ធ្វើយ៉ាងទាក់ទាញឱ្យគាត់ឱ្យមកធ្វើការជួយអភិវឌ្ឍក្នុងប្រទេស។

ឯកឧត្តមសាស្រ្ដាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានធ្វើបទ ឧទ្ទេសនាមជូនអង្គវេទិកាថា កម្ពុជាត្រូវជំរុញអក្ខរកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍សាធារណៈ ការលើកកម្ពស់ការយល់ដឹងអំពី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សង្គមទាំងមូល ដើម្បីអាចឱ្យប្រជាពលរដ្ឋបានយល់ដឹងនិងអាចចូលរួមបាន។ វិនិយោគលើយុវជន និងការស្រាវជ្រាវពង្រឹងការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ ដើម្បីជំរុញទេពកោសល្យក្នុងស្រុក។ ធានានវានុវត្តន៍ ភាពប្រកប ដោយក្រមសីលធម៌ និងបរិយាប័ន្ន, បង្កើតគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ដែលមានចាក់ឫសពីតម្លៃខ្មែរ និង សមធម៌សង្គម។ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាក្នុងតំបន់, និងអាស៊ាន ដើម្បីពន្លឿនកំណើនដល់ការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បេសកកម្មរបស់ ក្រសួង គឺបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពុំនឹងរបស់វិស័យឯកជន តាមអភិក្រម «ចុះជួយ ជាជាងចុះចាប់ និងចុះពិន័យ»។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវទិសដៅយុទ្ធ សាស្ត្រចំនួន៧រួមមាន៖ ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់, ការអភិវឌ្ឍនិងទំនើបកម្ម សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម, ការអភិវឌ្ឍគុណវុឌ្ឍិនិងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ការ ពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត, ការពង្រឹងតួនាទីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ សមត្ថភាពក្នុងវិស័យសាធារណៈនិងឯកជន, ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងការពង្រឹងនិងលើកកម្ពស់សមត្ថភាពស្ថាប័ន៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា