ព័ត៌មាន
កម្ពុជា-អង់គ្លេស ប្រកាសបើកដំណើរការគម្រោងអប់រំចំនួនពីរ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋាននៅប្រទេសកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស និងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱ្យដំណើរការគម្រោងថ្មីចំនួនពីរនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រឧត្តមភាព នៃការអប់រំកុមារី (ASEAN-UK SAGE) ដើម្បីលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រោយចប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គម្រោងថ្មីទាំងពីរនេះ ជាកម្មវិធីអប់រំដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសនៅអាស៊ីអាគ្នេយ៍ មានគោលបំណងលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈការពិនិត្យមើលឡើងវិញនូវសម្ភារៈ និងការអនុវត្ត ដែលគាំទ្រដល់ការបង្រៀនជំនាញមូលដ្ឋាន និងតាមរយៈការសាកល្បងវិធីសាស្រ្តអប់រំ “ការបង្រៀនឱ្យត្រូវកម្រិត (TaRL)”។ គម្រោងនេះ នឹងដាក់ឱ្យសាកល្បងនូវការប្រើប្រាស់វិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ដើម្បីកែលម្អការសិក្សាមូលដ្ឋានសម្រាប់កុមារចំនួន ៥០០នាក់ ដែលអាចប្រឈមក្នុងការបោះបង់ការសិក្សានៅថ្នាក់ទី៤ និងថ្នាក់ទី៥។
ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា ពិតជាមានមោទនភាពណាស់ ដែលការអប់រំរបស់ចក្រភពអង់គ្លេសកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរក្សាឱ្យបាននូវដំណើរនៃការអភិវឌ្ឍប្រកបដោយសក្ដានុពល។ ស្ថាប័នអប់រំនេះ ដូចជាសាកលវិទ្យាល័យ De Montfort Cambodia កំពុងជួយប្រទេសកម្ពុជាឱ្យមានលទ្ធភាពទទួលបានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្រិតខ្ពស់បំផុត។ តាមរយៈកម្មវិធីខាងលើនេះដែរ នឹងជួយធ្វើឱ្យប្រាកដថា ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសកុមារី និងក្រុមដែលងាយរងគ្រោះ អាចទទួលបានការសិក្សាជាមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់ពួកគេ និងសហគមន៍របស់ពួកគេ។
លោក Craig Farmer ប្រធានក្រុមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី បានលើកឡើងថា ក្រុមការងាររបស់លោក កំពុងទន្ទឹងរង់ចាំចេញដំណើរ និងធ្វើការដោយផ្ទាល់ជាមួយគ្រូបង្រៀន និងអ្នកបណ្តុះបណ្តាលគ្រូទូទាំងប្រទេស។ លោកមានសេចក្តីសោមនស្សរីករាយផងដែរ ក្នុងការនាំយកនូវវិធីសាស្ត្រការបង្រៀនឱ្យត្រូវកម្រិតទៅកាន់តំបន់ ព្រោះថា វិធីសាស្ត្រនេះទទួលបានជោគជ័យខ្លាំងនៅក្នុងប្រទេសដទៃទៀត។
ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត បានមានប្រសាសន៍ថា នៅក្រសួងអប់រំ យុវជន និងកីឡា មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏មានអត្ថន័យ តាមរយៈកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី ជាមួយដៃគូដែលមានការប្តេជ្ញាចិត្ត និងមានឆន្ទៈខ្ពស់ រួមមាន៖ លេខាធិការដ្ឋានស៊ីមេអូ (SEAMEO Secretariat) អង្គការក្រុមប្រឹក្សាចក្រភពអង្គគ្លេស (British Council) និងរដ្ឋាភិបាលចក្រភពអង់គ្លេស។ គម្រោងសាកល្បងទាំងពីរនេះ សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសកលក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យអប់រំ និងធានាឱ្យមានការអភិវឌ្ឍប្រកបចីរភាព និងបរិយាបន្នសម្រាប់សិស្សានុសិស្សទាំងអស់ក្នុងប្រទេសកម្ពុជា”។
លោកស្រីបណ្ឌិត Habibah Binti Abdul Rahim ប្រធានលេខាធិការដ្ឋានស៊ីមេអូ បានមានប្រសាសន៍ថា“ការដាក់ឱ្យដំណើរការនូវគម្រោងសាកល្បងទាំងពីរក្នុងប្រទេសកម្ពុជានេះ គឺជាសក្ខីភាពប្រកបដោយអត្ថន័យក្នុងស្មារតីសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE)។ លេខាធិការដ្ឋានស៊ីមេអូ ពិតជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយទទួលស្គាល់ថា វាជាមូលដ្ឋានគ្រឹះក្នុងការផ្តល់នូវដំណោះស្រាយអប់រំប្រកដោយបរិយាបន្ន និងមានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អ្នកសិក្សា ជាពិសេសកុមារី និងយុវជនដែលងាយរងគ្រោះ។ យើងទន្ទឹងរង់ចាំបន្តភាពជោគជ័យជាមួយគ្នា”។
ដោយមានការឧបត្ថម្ភ និងគាំទ្រដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ចក្រភពអង់គ្លេស (UK International Development) កម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE) មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការសិក្សារៀនសូត្រជាមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ទាំងអស់គ្នា ដោយផ្តោតជាពិសេសលើក្មេងស្រី និងក្រុមអ្នកដែលងាយរងគ្រោះ តាមរយៈការអភិវឌ្ឍ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយអង្គការក្រុមប្រឹក្សាចក្រភពអង្គគ្លេស (British Council) និងលេខាធិការដ្ឋានស៊ីមេអូ (SEAMEO Secretariat) សហការដៃគូជាមួយស្ថាប័នភាពជាដៃគូស្រាវជ្រាវសកល (EdTech Hub) និងក្រុមប្រឹក្សាអូស្ត្រាលីសម្រាប់ការស្រាវជ្រាវអប់រំ (ACER) ក្នុងគោលបំណងដោះស្រាយបញ្ហានៃការរើសអើង និងឧបសគ្គដែលរារាំងដល់ការសម្រេចភាពជោគជ័យរបស់កុមារី និងក្រុមអ្នកដែលងាយរងគ្រោះក្នុងរដ្ឋជាសមាជិកអាស៊ាន (AMS) រួមទាំងប្រទេសទីម័រខាងកើតផងដែរ ដែលជាផ្នែកមួយនៃផែនការសកម្មភាពក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE)៕







-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍