ព័ត៌មាន
ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ត្រៀមរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខ វេលាម៉ោង៨:០០នាទីព្រឹក ស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មនី្ទរវប្បធម៌ខេត្ត បានអនុញ្ញាតជាគោលការណ៍ក្នុងពិធីប្រណាំងរទេះសាឡី គោលឿន ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ហើយមនី្ទរគ្រោងរៀបចំនៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២៥ គឺមុនមួយសប្តាហ៍នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់នាថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ហើយពិធីនេះប្រារព្ធធ្វើឡើងនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។
លោក ស៊ុន មានជ័យ បានជម្រាបផងដែរថា បន្ទាប់ពីមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានគោលការណ៍រួចហើយ យើងបានធ្វើការសហការជាមួយអាជ្ញាធរក្រុងច្បារមន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ យើងរួមគ្នារៀបចំពិធីនេះឲ្យមានភាពអធឹកអធមដូចរាល់ឆ្នាំផងដែរ។ ហើយអ្វីដែលមនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ បានពិភាក្សា និងជជែកអំពីពិធីប្រណាំងរទេះសាឡីគោលឿន ជាមួយសមាគមគោខេត្តកំពង់ស្ពឺ ក៏ដូចជាគណៈកម្មាធិការរៀបចំការប្រកួត ក្នុងឆ្នាំ២០២៥នេះ មានរទេះសាឡីគោលឿន ប្រមាណជា៥០នឹម (ប្រមាណ៥០គូ) បើយើងសង្កេតមើលពីកំណើន នៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋដែលមានរទេះសាឡីគោលឿននេះ គឺពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់។ លោកគិតថា ការកើនឡើងនេះ សបញ្ជាក់ឲ្យឃើញនូវសុខសន្តិភាព ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ មានជីវភាពកាន់តែធូរធារ ជាពិសេសមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន មនី្ទរជុំវិញខេត្ត និងប្រជាពលរដ្ឋមានការគាំទ្រ។ ដូច្នេះហើយបានជាមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងនេះជារៀងរាល់ឆ្នាំ។
ជាចុងក្រោយក្នុងនាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥នេះ ឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕
អត្ថបទ រដ្ឋា






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា