ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ កម្ពុជាជាប្រទេសមួយរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជន បានពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះជាដើម។
ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «កម្ពុជា ក៏ជាប្រទេសមួយ ដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដែលក្រុមឧក្រិដ្ឋជន បាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះ ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូតដល់មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់ អាយុជីវិតថែមទៀតជាដើម»។
ឯកឧត្តមអភិសន្ដិបណ្ឌិតបានបន្ដថា បញ្ហាភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជនកម្ពុជាដែលធ្វើទេសន្តរប្រវេសន៍នៅប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិនទាន់ត្រូវដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ ទាំងមិនស្របច្បាប់ និងបានបង្កើតមូលដ្ឋានប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កប់នូវបទល្មើសពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភ បំពានលើរាងកាយ ផ្លូវភេទ ជាដើម និងអូសទាញឱ្យមានការចូលរួមក្នុងបណ្តាញបទល្មើសយ៉ាងច្រើនកុះករ ដោយ មានទាំងជនល្មើស ទាំងជនរងគ្រោះ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្ថែមថា សមត្ថកិច្ចកម្ពុជា ទទួលបានសេចក្តីរាយការណ៍ និងធ្វើប្រតិបត្តិការបង្ក្រាប ទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ហើយបានសហការជាមួយស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា តាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដែលបានបង្ហាញដោយ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំងបានកើនឡើង ដែលជារួមលទ្ធផលនៃការបង្ក្រាប បានដល់ ១៩៧ករណី គឺកើនចំនួន៣៣ករណី ស្មើនឹង ២០.១៥% បើប្រៀបធៀបទៅនឹង លទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣។ សមត្ថកិច្ច បានកំណត់អត្តសញ្ញាណរកឃើញជនរងគ្រោះ ចំនួន៥២៣នាក់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣ នាក់ ក្នុងនោះមានជន បរទេស ៣០នាក់ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានការកើនឡើងនូវអំពើជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មានអនីតិជនរងគ្រោះ អាយុក្រោម១៨ឆ្នាំ រហូតដល់ទៅ២៣០នាក់ ស្មើនឹង ៤៣.៩៧% នៃចំនួនជនរងគ្រោះសរុប៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន7 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា7 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន3 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន6 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%