ព័ត៌មាន
ចុងឆ្នាំ២០២៥នេះ ពោធិ៍សាត់ ប្តេជ្ញាក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)១០០ភាគរយ
ពោធិ៍សាត់ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំ សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី ស្ថានភាពអនាម័យ និងការរៀបចំផែនការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត ។ សិក្ខាសាលានេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ប្រតិភូក្រសួងអភិឌ្ឍន៍ជនបទ អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក PWG ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនោះ លោក លឹម សុខតូ មានប្រសាសន៍លើកឡើងអំពីភូមិសាស្ត្ររបស់ខេត្តពោធិ៍សាត់ជូនអង្គពិធី ដោយគិតត្រឹមឆ្នាំ២០២៣ GDP សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំស្មើរនឹង ១៥៧៤ដុល្លារសហរដ្ឋអាមេរិក ចំណែកអត្រាភាពក្រីក្របានធ្លាក់មកត្រឹមតែ១២,១៥ភាគរយៈ គិតត្រឹមឆ្នាំ២០២៤ ។ ខេត្តពោធិ៍សាត់មានសក្តានុពលធំៗចម្បងចំនួន៣ដែលកម្លាំងចលករ ឆ្លើយតបទៅនឹងការអភិវ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងខេត្ត -ទី១គឺកសិកម្ម និងជនផលនៅបឹងទន្លេសា -ទី២គឺឧស្សាហកម្មនិងថាមពល និង-ទី៣ គឺសក្តានុពលទេសចរណ៍ ។ លោកអភិបាលរងខេត្តបានបន្តថា ចំពោះវិស័យអភិវឌ្ឍន៍ជនបទ ការធ្វើឲ្យប្រសើរឡើង ការងារផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គឺជាតម្រូវការចាំបាច់មួយក្នុងការលើកកម្ពស់សុខមាភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ ដែលវិស័យនេះជាអទិភាពគន្លឹះមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយបានដាក់ចេញ នូវគោលដៅការបន្តជម្រុញការអនុវត្តន៍ផែនការសកម្មភាពផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គ្របដណ្តប់បាន១០០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ។ហើយវាជាការពិតណាស់ ការងារផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គឺជាកិច្ចការសកលដែលមានលក្ខណៈពហុវិស័យព្រោះ អ្នកណាៗ ក៏ត្រូវការបង្គន់អនាម័យនិងទឹកស្អាត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចនេះការងារនេះគឺទាមទាឲ្យមានការចូលរួមពីគ្រប់ភាគី ។
ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ មានប្រសាសន៍លើកឡើងថា ការងារសុខភាពអនាម័យជនបទនេះ មិនមែនទើបតែមានការយកចិត្តទុក្ខដាក់ថ្ងៃនេះទេ គឺមានការយកចិត្តទុកដាក់តាំងពីពេលបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ តាំងពីឆ្នាំ១៩៩៦មកម្លេះ ដោយមាននាយកដ្ឋានថែទាំសុខភាព នាយកដ្ឋានផ្គត់ផ្គងទឹកជនបទ ដែលជានាយកដ្ឋានមានសារៈសំខាន់ ជម្រុញការងារសុខភាពអនាម័យជនបទ ដោយក្រសួងអភិវឌ្ឍន៍ជនបទ មានគោលការណ៍ គាំពារ មុនព្យាបាល។ ហើយកិច្ចប្រជុំក្នុងពេលនេះ គឺពិភាក្សាគ្នា តើប្រជាពលរដ្ឋមានបង្គន់គ្រប់ហើយឬនៅ ហើយភូមិឃុំODF ប៉ុន្មានភាគរយ ហើយនៅខ្វះប៉ុន្មាន ដើម្បីជម្រុញឲ្យខេត្តពោធិ៍សាត់ ក្លាយជា ខេត្ត ODF ក្នុងឆ្នាំ២០២៥នេះ ។
តាមរបាយការណ៍របស់ មន្ទីរអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យជនបទនៅទូទាំងខេត្តពោធិ៍សាត់មានចំនួន៨៨ភាគរយ ក្នុងនោះស្រុកតាលោកសែនជ័យ ជាស្រុកដំបូងគេ សម្រេចបានODF ១០០ភាគរយ ហើយស្រុកភ្នំក្រវាញសម្រេចបាន៩២ភាគរយ ស្រុកបាកានសម្រេចបាន៩១ភាគរយ ក្រុងពោធិ៍សាត់សម្រេចបាន៩៥ភាគរយ ស្រុកណ្តៀងសម្រេចបាន៨៣ភាគរយ ស្រុកក្រគរសម្រេចបាន៨២ភាគរយ និងស្រុកវាលវែងសម្រេចបាន៦៨ភាគរយ ។
ឆ្លងកាត់ការពិភាក្សាពីភាគីពាក់ព័ន្ធអំពីវឌ្ឍន៍ភាពនិងបញ្ហាប្រឈមតាមបណ្តាភូមិឃុំក្រុងស្រុក និងបទបង្ហាញដោយ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ អំពីយុទ្ធសាស្ត្រដើម្បីសម្រេចបានODF ១០០ភាគរយក្នុងខេត្តពោធិ៍សាត់ អាជ្ញាធរក្រុងស្រុកទាំងអស់ ក៏ដូចជារដ្ឋបាលខេត្ត និងអង្គការដៃគូរ បានរួមគ្នាប្តេជ្ញា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិឃុំសង្កាត់ក្រុងស្រុកក្នុងខេត្តពោធិ៍សាត់ ក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។
មានមតិបូកសរុប ឯកឧត្តម យឹម ជុង ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងមានភាពជឿរជាក់ លើរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានប្តេជ្ញារួមគ្នាជម្រុញឲ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តODF ក្នុងឆ្នាំ២០២៥នេះ ដែលនឹងជួយឲ្យប្រជាពលរដ្ឋកាន់តែមានសុខមាភាពល្អប្រសើរ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ ៕















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា