ព័ត៌មាន
សម្តេច ឃួន សុដារី សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់ថា (AFPPD) នៅវិមានរដ្ឋសភា។
លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈ នៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលសភាកម្ពុជា បានរៀបចំធ្វើឡើង នៅវិមានរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមីនា មិ្សលមិញនេះ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូវេទិកា AFPPD និងដៃគូអភិវឌ្ឍផ្សេងៗទៀតនៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់នេះ បានបង្ហាញច្បាស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងតំបន់ មិនត្រឹមអំពីបញ្ហាជំងឺមិនឆ្លងប៉ុណ្ណោះនោះទេ។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដៃគូអភិវឌ្ឍន៍នានាក្នុងសិក្ខាសាលាជាការបង្ហាញនូវកិច្ចសហការរួមគ្នាធ្វើ រួមគ្នាគិត និងរួមគ្នាដោះស្រាយលើបញ្ហាអ្វីមួយ បញ្ហានោះប្រាកដជានឹងអាចដោះស្រាយបានជាមិនខាន។
លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបលោកនិងគណៈប្រតិភូនៅក្នុងឱកាសនោះ។ លោកបណ្ឌិត បានវាយតម្លៃខ្ពស់អំពីការចូលរួមរបស់សភាកម្ពុជាក៏ដូចជាការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានរដ្ឋសភា ក្នុងពិធីបើកសិក្ខាសលាសភាតំបន់ កាលពីម្សិលមិញ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពពលរដ្ឋពីសំណាក់សភាកម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នដែលមានការខុសគ្នាឆ្ងាយពីឆ្នាំ២០១២ ពេលដែលលោកបណ្ឌិត បានមកដល់កម្ពុជាជាលើកទី១នោះ។
លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានសន្យាថា AFPPD នឹងផ្តល់ការសហការគាំទ្រចំពោះសភាកម្ពុជាក្នុងបុព្វហេតុសុខុមាលភាពពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ ។ ជាក់ស្តែងនៅខែឧសភាខាងមុខនេះ នឹងមានវេទិកាទាក់ទងនឹងមនុស្សចាស់ ដែលប្រារព្ធធ្វើនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ បានកើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាង AFPPD និងសភាកម្ពុជា ដែលមានគណៈកម្មការទី៨ជាសេនាធិការនោះដែរ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ AFPPD បានធ្វើការយ៉ាងសកម្ម និងបានរួមវិភាគទានដ៏មានតម្លៃដល់ការងារប្រជាជន និងការអភិវឌ្ឍ តាមរយៈការផ្តល់ឱកាសឱ្យសមាជិកសភាពីក្នុងតំបន់អាស៊ី បានជួបជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា សំដៅដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ជាពិសេស បញ្ហាសុខភាព យេនឌ័រ ការលើកកម្ពស់ស្រ្តី និងក្មេងស្រី បញ្ហាយុវជន និងបញ្ហាមនុស្សចាស់ជរា ជាដើម។ បន្ថែមពីនេះ AFPPD ក៏តែងបានគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជា តាំងពីនីតិកាលមុនៗ រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែង លោកជំទាវ ឡោក ខេង ដែលមានវត្តមាននៅទីនេះស្រាប់ គឺជាសមាជិកាម្នាក់ដ៏សកម្មរបស់រដ្ឋសភាកម្ពុជា ដែលតែងបានចូលរួម និងសហការជាមួយ AFPPD ក្នុងនោះ លោកជំទាវក៏បានកាន់តួនាទីជាហេរញ្ញិក នៃវេទិកា AFPPD នេះថែមទៀតផង។
រដ្ឋសភាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេទិកា (AFPPD) ដែលក្នុងរយៈពេលកន្លងមក បានជួយគាំទ្រ និងផ្តល់កិច្ចសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការលើកកម្ពស់វិស័យសុខភាពនិងសុខុមាលភាពសង្គម ជាពិសេសកិច្ចសហការរៀបចំវេទិកាសភាតំបន់ដ៏មានសារៈសំខាន់នាពេលនេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាវត្តមានរបស់ AFPPD នៅកម្ពុជា នឹងអាចជួយពង្រឹង និងពង្រីកវិសាលភាព ឥទ្ធិពលការងាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់មេគង្គ ដោយអាចប្រើប្រាស់ជាមជ្ឈមណ្ឌលមួយនៃកិច្ចសហប្រតិបត្តិការការងារ និងការតភ្ជាប់ បណ្តាញសម្រាប់តំបន់។ វេទិកានេះ នឹងដើរតួនាទីដ៏មានសារៈសំខាន់មួយ សម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ទស្សនៈ ការកសាងឆន្ទៈនយោបាយ ការពង្រឹងសមត្ថភាព និងការជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅកសាងអនាគតកាន់តែប្រសើរ សម្រាប់តំបន់អាស៊ីរបស់យើង។
“ខ្ញុំយល់ច្បាស់ថា តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការតភ្ជាប់ បណ្តាញ ការចែករំលែកចំណេះដឹង ជំនាញ និងការកសាងសមត្ថភាព យើងនឹងអាចលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់មនុស្សជាតិ ព្រមទាំងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាមិនខាន។” នេះជាការគូសបញ្ជាក់របស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៕


-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង