ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា គំាទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភាជាមួយWHO
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មេសាឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីអានណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការចូលរួមសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ។
សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកសម្រាប់ការគាំទ្រដល់រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា ក្នុងការជំរុញវិស័យថែទាំសុខុមាលភាពប្រជាជនកម្ពុជា។ សម្តេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងការចូលរួមក្នុងការអភិវឌ្ឍន៍គោលនយោបាយព្រមទាំងការកសាងភាពជាដៃគូដើម្បីពង្រឹងវិស័យថែទាំសុខភាពរួមទាំងយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លងនានា ក្នុងន័យថាការការពារគឺតែងតែប្រសើរជាងការព្យាបាល។
ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគម្រោងរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ខាងមុខនេះ។ សម្តេចបានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានជ្រាបថា អង្គការសុខភាពពិភពលោកនឹងចូលរួមសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកល នាពេលខាងមុខនេះ»។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ នឹងដើរតួនាទីជាវេទិកាដ៏មានសារៈសម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ការកសាងគោលនយោបាយ ការពង្រឹងសមត្ថភាពនិងការជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសកម្មភាពសុខភាពប្រកបដោយចីរភាព។ សម្តេចរដ្ឋសភាធិបតី បានរំលេចថាសមាជិកសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំអនាគតវិស័យសុខាភិបាល តាមរយៈការអនុម័តច្បាប់ ការផ្តល់មូលនិធិ ការបែងចែកធនធាន ការធានានូវគណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាល ដោយធ្វើការសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងសម្រាប់គោលដៅជាតិ និងសកល រួមទាំងការលើកកម្ពស់ការចូលរួមពីសាធារណជនក្នុងកិច្ចពិភាក្សា ស្ដីពីសុខភាព។
សម្តេចមានជំនឿមុតមាំថា វេទិកានេះនឹងផ្តល់នូវឱកាស ក៏ដូចជាបរិយាកាសដ៏សមស្រប ហើយនិងបើកចំហទូលំទូលាយ ក្នុងការសហការគ្នាបង្កើតការធ្វើនវានុវត្តន៍ និងការបង្កើតដំណោះស្រាយ ដើម្បីបង្កើនប្រព័ន្ធថែទាំសុខភាព។
លោកស្រី ម៉ារីអានណា ទ្រីអាស ថ្លែងអំណរគុណជ្រាល់ជ្រៅសម្តេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតជូនលោកស្រីនិងគណៈប្រតិភូបានចូលជួបពិភាក្សាការងារនៅក្នុងឱកាសនេះ។ សម្តេចបានថ្លែងអំណរគុណដែលសភាកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពលើសុខុមាលភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រីបានថ្លែងការកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន ធៀបទៅទសវត្សរ៍ឆ្នាំ៩០ ដែលលោកស្រីធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជានោះ។
នៅក្នុងឱកាសនេះ លោកស្រីតំណាងអង្គការសុខភាពពិភពលោក ជម្រាបជូនសម្តេចពីគម្រោងនានាដែលWHO នឹងបន្តសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីជួយលើការពង្រឹងប្រព័ន្ធសុខាភិបាលនិងសុខមាលភាពប្រជាពលរដ្ឋ។ លោកស្រី ម៉ារីអានណា ទ្រីអាស បានគូសបញ្ជាក់ថា ការថែរក្សាសុខភាពបឋម(Primary Health Care)នៅថ្នាក់មូលដ្ឋាន ជាការសំខាន់ ដូច្នេះការចូលរួមពីគ្រួសារនិងសហគមន៍ ដើរតូនាទីសំខាន់ នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល។ ចំណែកការប៉ះពាល់សុខភាពពីបម្រែបម្រួលអាកាសធាតុ ក៏ជារបៀបវារៈសំខាន់ ថ្មីរបស់WHO ផងដែរ។ បញ្ហាសុខភាពផ្លូវចិត្ត ក៏ជាបញ្ហាសាកល មួយកំពុងប្រឈមខ្លាំងណាស់ដែរចំពោះសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃជំងឺមិនឆ្លងនោះ។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សភាកម្ពុជា លើបញ្ហាសុខភាពហើយបានរៀបចំវេទិកាសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » កាលពីថ្ងៃទី៣១ខែមីនា ទទួលបានជោគជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនក្នុងកម្រិតជាតិនិងអន្តរជាតិ ចូលរួមផ្តល់យោបល់យ៉ាងផុសផុល ស្វែងរកមធ្យោបាយ រួមទាំងការទប់ស្កាត់ ការបង្ការ ជំងឺមិនឆ្លង(NCD)។
ជាថ្មីម្តងទៀត សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៩ដែលនឹងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងភាពជាដៃគូពហុភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពនានាប្រកបដោយនិរន្ដរភាព និងបរិយាបន្ន៕








-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង