ព័ត៌មាន
កយកា-KOICA ចូលរួមលើកកកម្ពស់សុខភាពកុមារកម្ពុជា ឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ
ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានសហការជាមួយក្រុមអ្នកស្ម័គ្រចិត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា កយកា -KOICA បានរៀបចំយុទ្ធនាការអាហារូបត្ថម្ភលើកទី២ ដើម្បីសុខភាពកុមារ ដែលប្រព្រឹតិ្តទៅនៅមនី្ទរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។
ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារ សម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាគម្រោងអង្គការ KOICA លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ខាងមុខ ដោយផ្តោតទៅលើសកម្មភាពមួយចំនួន ដូចជា៖ ការផ្តល់អាហារូបត្ថម្ភដល់កុមារទូទៅ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យទៅតាមអាយុ និងសុខភាព ដោយក្នុងមួយថ្ងៃផ្តល់ ៣ពេល ដោយឥតគិតថ្លៃ ដើម្បីបំប៉នសុខភាពឱ្យបានល្អឆាប់ជាសះស្បើយ។ ព្រោះថាអាហារូបត្ថម្ភនេះ មានសារសំខាន់ណាស់ សម្រាប់កុមារតូចៗដែលត្រូវការលូតលាស់ ពិសេសកុមារអាយុក្រោម៥ឆ្នាំ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បន្ថែមទៀតថា ក្រៅពីនេះមានបន្ទប់ប្រឹក្សាយោបល់សម្រាប់ពិគ្រោះជាមួយមាតាបិតាកុមារ ដើម្បីណែនាំឱ្យពួកគាត់ចេះពីរបៀបចិញ្ចឹមកូន ឱ្យមានសុខភាពល្អ ខណៈបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លងកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា ខណៈពីមុនយកចិត្តទុកដាក់តែទៅលើបញ្ហាកង្វះអាហារូបត្ថម្ភដោយសារក្មេងស្គមស្គាំង ស្លេកស្លាំង ក្រិន មិនគ្រប់គីឡូ ប៉ុន្តែឥឡូវលើសអាហារទៅវិញធ្វើឱ្យក្មេងធាត់ពេក ក៏ជាបញ្ហាដែរ។ ការចិញ្ចឹមបីបាច់កុមារ ឱ្យបានល្អធ្វើឱ្យក្មេងមានសុខភាពល្អ មានបញ្ញាឆ្លាតវៃ និងក្លាយជាធនធានមួយដ៏ល្អមួយទៅថ្ងៃអនាគត។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា លើសពីនេះទៀត យើងក៏គិតគូរពីបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ ក្នុងនោះយើងបានរៀបចំបង្កើតជាកន្លែងលេង បណ្ណាល័យកុមារចល័ត ដែលអាចឱ្យកុមារគូរូប និងមើលសៀវភៅនិទានរឿងផ្សេងៗ ដើម្បីឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្ត និងចាត់ទុកមន្ទីរពេទ្យដូចជានៅផ្ទះ ឬនៅសាលារៀនដែរ ព្រោះថាការព្យាបាលជំងឺ មិនមែនប្រើតែថ្នាំពេទ្យតែមួយមុខនោះទេ គឺយើងត្រូវផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ និងបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការអាហារូបត្ថម្ភនេះ មានផ្តល់ជូនការប្រឹក្សាពីស្ថានភាពអាហារូបត្ថម្ភ និងការលូតលាស់ដល់កុមារ ដោយឥតគិតថ្លៃ និងមានការតាំងពិព័រណ៍ពីការចម្អិនអាហារដែលផ្តល់សុខភាពល្អដល់កុមាររបស់ផ្នែកអាហារូបត្ថម្ភ និងពីសំណាក់ដៃគូសហការនានា៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា