ព័ត៌មាន
គ.ជ.ប ពង្រឹងទំនេីបកម្មបច្ចេកវិទ្យាដេីម្បីលើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោតជូនពលរដ្ឋ
ភ្នំពេញ ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា គ.ជ.ប បានពង្រឹងទំនេីបកម្មបច្ចេកវិទ្យាដេីម្បីលើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោតជូនប្រជាពលរដ្ឋ។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់មន្រ្តី គ.ជ.ប ប្រធានលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម មានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ក្នុងនោះ បញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបានសម្រាប់បម្រើឱ្យការបោះឆ្នោត និងតាមការកំណត់នៃច្បាប់។ ឆ្នាំនេះ ទោះបីមិនមែនជាឆ្នាំដែលត្រូវរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលក៏ដោយ ក៏ គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពបញ្ជីបោះឆ្នោត និងធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន។
ឯកឧត្តម មានប្រសាសន៍ទៀតថា ការពង្រឹងបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺជាការងារចាំបាច់ដែល គ.ជ.ប ត្រូវយកចិត្ត ទុកដាក់អនុវត្តជាប្រចាំ ពិសេសការកែតម្រូវទិន្នន័យជីវប្រវត្តិ និងការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ ហើយការងារនេះទាមទារឱ្យមានកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយក្នុងឆ្នាំកន្លងទៅគិតចាប់តាំងពីឆ្នាំ២០១៦មក។
នាឱកាសនោះ ឯកឧត្តម បញ្ជាក់ថា ស្របតាមបច្ចេកវិទ្យាព័ត៌មានកាន់តែរីកចម្រើន ការបោះឆ្នោតនៅកម្ពុជាត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងនោះការចុះឈ្មោះបោះឆ្នោតត្រូវបានផ្លាស់ប្តូរពីការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃ មកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រវិញ ពិសេសបច្ចេកវិទ្យានេះបានផ្ដល់ភាពងាយស្រួលដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត លើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោត និងងាយស្រួលក្នុងការស្វែងរកព័ត៌មានអ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស។
ឯកឧត្តម បន្ថែមថា ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតនិងអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយមិនដែលបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់របស់ខ្លួន។










-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS13 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍