ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។
គួរកត់សំគាល់ថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។
ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។
លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់សមិទ្ធផល នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ បានណែនាំអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សិក្សាបញ្ចូលសេវាវាធ្វើលិខិតឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយ ដែលអាចជាជម្រើសមុនគេ គឺខេត្តបាត់ដំបង កំពង់ចាម ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា នេះជាការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដើម្បីធ្វើឱ្យសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលណែនាំឱ្យក្រសួងមហាផ្ទៃរិះរកគ្រប់វិធីសាស្ត្រ និងដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀក និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានសេវាផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ជាក់ស្តែងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ៤ ខែមករា ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះ ស្នាក់ការនោះបានបម្រើសេវាជូនប្រជាពលរដ្ឋបានជាច្រើនរយនាក់ និងទទួលបានការអបអរសាទរប្រកបដោយក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខេត្តសៀមរាប និងពលរដ្ឋមកពីបណ្ដាខេត្តជុំវិញ ដ្បិតពួកគាត់ពុំចាំបាច់ធ្វើដំណើរមកភ្នំពេញដូចមុនទៀតឡើយ៕

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា