ព័ត៌មាន
សម្តេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវពលរដ្ឋ គាំទ្រ និងទិញផលិតផលខ្មែរប្រើប្រាស់ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។
តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផលខ្មែរ»។
បន្ថែមពីនេះនេះ សម្តេចបវរធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មការ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយសំខាន់ៗ ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន ការដាក់ បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយ ធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើម មានគុណភាព សោភណភាពកាន់តែល្អប្រសើរ និងមានសក្តានុពលទីផ្សារ សម្រាប់ ផលិតផលក្នុងស្រុកគ្រប់ប្រភេទ។
សម្តេចធិបតីមានប្រសាសន៍ថា «ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួល បានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។ ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានផលិត និងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ប្រកបដោយគំនិតច្នៃប្រឌិត រក្សានូវ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិយើង ប្រកបដោយគុណភាព តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋយើង ផ្លាស់ប្តូរផ្នត់គំនិតមកជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឱ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត»។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផលជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕











-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន7 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន7 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន7 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក