ព័ត៌មាន
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ជួបតែសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តបំពេញតួនាទីភារកិច្ច ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក កាកបាទក្រហមកម្ពុជា។
ពិធីនេះបានរៀបចំឡើង នាទីស្នាក់ ការកណ្តាល តាមបែបប្រពៃណីសាសនា ដោយបាននិមន្ត្រព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីចំនួន៥អង្គ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ជួបតែសេចក្តីសុខសេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ទាក់ទងការរៀបចំនេះដែរ គឺជាការបង្ហាញឲ្យឃើញនូវការគោរពប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃប្រទេសជាតិ ក្រោមម្លប់នៃសុខសន្ដិភាព ដោយរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។ ពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ ក៏ជាការជួបជុំគ្នា ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារ មន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជាផងដែរ ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំកន្លងមក។
ឆ្លៀតនៅក្នុងពិធីនោះដែរ កាកបាទក្រហមកម្ពុជា ក៏បានប្រគេនទេយ្យទានប្រចាំឆ្នាំ ដើម្បីទ្រទ្រង់ដល់សមណសិស្ស ដែលកំពុងសិក្សា នូវមុខវិជ្ជាផ្លូវលោកនិងផ្លូវធម៌ នៅពុទ្ធិកវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្រពើហារ ផងដែរ។ ទេយ្យទានប្រគេនដល់វត្តក្រពើហានាឱកាសនេះ រួមមាន៖ អង្ករ៥តោន, មី៥០កេស, ត្រីខ៥កេស, ស្ករស២៥គីឡូ ក្រាម, ភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធ១០កេស, មៀនកំប៉ុង២កេស, ទឹកដោះគោខាប់២កេស, អូវ៉ាន់ទីន២កេស, អូវ៉ាន់ទីន២គីឡូក្រាម, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ត្រីងៀត១០គីឡូក្រាម, និងបច្ច័យចំនួន ៤០,០០០,០០០រៀល (៤០លាន រៀល)។
បន្ទាប់ពីពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃចប់សព្វគ្រប់ កាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញក្រុមសិល្បៈរបាំត្រុដិមកសម្ដែង ដើម្បីបណ្ដេញនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និងបានឧបត្ថមថវិកាដាក់ក្នុងថង់ត្រុដិចំនួន៥លានរៀន។ ដោយឡែកអ្នករបាំត្រុដិ និងអ្នកតុបតែង សរុប២១នាក់ ម្នាក់ៗ ទទួលបានថវិការ១០ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម















-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS12 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍