ព័ត៌មាន
ពលរដ្ឋជិត៦០០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលបានសម្ភារៈសុខភាពអនាម័យ ពីគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពគ្រួសារងាយរងគ្រោះ
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យ ជូនគ្រួសារក្រីក្រចំនួន ៥៩៨គ្រួសារ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ (ACRP) តាមរយៈក្រសួងផែនការ ដែលប្រារព្ធធ្វើឡើងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ តំណាងអង្គការដៃគូរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានផ្តួចផ្តើមគម្រោង ACRP នេះឡើង ដើម្បីឆ្លើយតបយ៉ាងសមស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
ឯកឧត្តម ក៏បានរំលឹកផងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិនៃជំងឺកូវីដ-១៩ កាលពីពេលកន្លងមក មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលងាយរងគ្រោះបំផុត ដែលបណ្តាលឱ្យមានការបាត់បង់ការងារ ចំណូល និងការលំបាកជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមមានការផ្តល់ជំនួយសង្គម ការគាំទ្រអាជីវកម្ម ការជំរុញការចាក់វ៉ាក់សាំង និងការផ្តោតសំខាន់លើការស្តារជីវភាពរស់នៅឡើងវិញ តាមរយៈគម្រោងដូចជា ACRP នេះជាដើម។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងពីគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់យកឱកាសនេះ ដើម្បីពង្រឹង និងអភិវឌ្ឍជីវភាពខ្លួនឯងឱ្យរួចផុតពីភាពក្រីក្រ តាមរយៈការប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការថែរក្សាសុខភាព និងអនាម័យ ជាពិសេសការលាងដៃឱ្យបានញឹកញាប់ ដើម្បីបង្ការនូវជំងឺផ្សេងៗ ហើយបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ជាពិសេសក្នុងឱកាសខិតជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមានការធ្វើដំណើរច្រើន។
លើសពីនេះទៀត ឯកឧត្តម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដូចជាការលេងល្បែងប្រជាប្រិយ ការរាំរែក និងការជួបជុំក្រុមគ្រួសារ ដើម្បីពូនជ្រុំសាមគ្គីភាព និងភាពកក់ក្តៅក្នុងសង្គម។
គួរបញ្ជាក់ថា គម្រោង ACRP នេះ ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធី UNDP ហើយពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យនាពេលនេះ គឺដើម្បីបន្តរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅ ដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥ ៥០០គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា