ព័ត៌មាន
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន
នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន ។
សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបាន រួមមាន៖ ការរំដោះផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានសរុបជាង ៣,២៩៧ គីឡូម៉ែត្រក្រឡា, ការកាត់បន្ថយអត្រាអ្នករងគ្រោះមកនៅក្រោម ៥០នាក់ក្នុងមួយឆ្នាំ និងការប្រកាសខេត្តចំនួន ១៥ ជាខេត្តអស់មីន។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។ សម្តេចបវរធិបតីក៏បានលើកឡើងពីការវិវត្តរបស់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីន ទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចគួរឱ្យកត់សម្គាល់លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ បន្ថែមលើនេះ, វាគ្មិនទាំងអស់ ក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌, ការចែករំលែកបទពិសោធន៍ និងការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងបានសង្កត់ធ្ងន់ថា “បទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែកជាមួយនឹងបណ្ដាប្រទេសនៅលើសកលលោក”។ ជាមួយគ្នានោះ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីន។
សម្ដេចបវរធិបតីបានបញ្ជាក់សាជាថ្មីថា វិស័យសកម្មភាពមីននៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ សម្តេចបវរធិបតីបានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តសហការគាំទ្រ, ចូលរួម និងយកចិត្តទុកដាក់លើការងារបោសសម្អាតមីន,ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់មីន, ការជួយស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រាប់មីន,ការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីន, ការពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍, ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕










-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ