ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធនាគារជំរុញឱ្យប្រធានពន្ធនាគារថ្មី នៃខេត្តប៉ៃលិនបន្តយកចិត្តទុកដាក់អប់រំហ្វឹកហ្វឺនណែនាំ កែប្រែ ទណ្ឌិតក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ
ប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មីខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានជំរុញ ឱ្យមន្រ្តី និងថ្នាក់ដឹកនាំពន្ធនាគារ បន្តយកចិត្តទុកដាក់ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអប់រំហ្វឹកហ្វឺន ណែនាំ កែប្រែ និងផ្តល់វិជ្ជាជីវៈដល់ទណ្ឌិត ក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ ដើម្បីឱ្យពួកគេធ្វើសមាហរណកម្មខ្លួន ទៅក្នុងគ្រួសារ និងសង្គមវិញ ។ ពិធីប្រកាសនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក សោ សុវណ្ណ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពន្ធនាគារខេត្តជាច្រើននាក់។
លោក សោ សុវណ្ណ អភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរចំពោះលោកប្រធានពន្ធនាគារខេត្តថ្មី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងគ្រប់គ្រងលើកិច្ចការងារពន្ធនាគារនៅក្នុងខេត្តផងដែរ។ លោកអភិបាលរងខេត្ត បានកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះអតីតប្រធានពន្ធនាគារខេត្ត ដែលបានបំពេញការងារ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមួយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានកសាងនូវស្នាដៃ និងបន្សល់ទុកនូវសមិទ្ធផលល្អៗជាច្រើន ជាពិសេសបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ ស្នើដល់ប្រធានពន្ធនាគារខេត្តប៉ៃលិនថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវខិតខំបង្កើនសមត្ថកិច្ចគ្រប់គ្រង ឱ្យបានជាប់ជាប្រចាំ ដូចជា ត្រូវពង្រឹងនូវការងារយាមកាមពន្ធនាគារ ២៤ម៉ោងលើ២៤ម៉ោង ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ទាំងក្នុងនិងក្រៅបរិវេនពន្ធនាគារ ដើម្បីចាត់វិធានការតឹងរ៉ឹង ចំពោះចំណុចខ្វះចន្លោះ ក៏ដូចជាការឆែកឆេររឹបអូសការយកសម្ភារៈហាមឃាត់ នាំចូលទៅក្នុងពន្ធនាគារ ដោយទណ្ឌិត ដែលជាការបង្ករឱកាសមធ្យោបាយ របស់ទណ្ឌិត និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងពន្ធនាគារកុំឱ្យកើតមាន។ ឯកឧត្ដមក៏បានជំរុញឱ្យមន្រ្តីពន្ធនាគារទាំងអស់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងមិនប្រព្រឹត្តអំពើពុករលួយ មានក្រមសីលធម៌ និងមានវិន័យជាអនុរក្សពន្ធនាគារ ដើម្បីជួយឲ្យពួកគេធ្វើការកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អពិតប្រាកដ និងមិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់ទណ្ឌិតឡើយ។
សូមបញ្ជាក់ថា៖ បើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៣៥៣៥ ប្រក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ត្រូវបានប្រកាស់តែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត អត្តលេខ ០៣២១ ជាប្រធានពន្ធនាគារខេត្តប៉ៃលិន ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃផងដែរ៕







-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង