ព័ត៌មាន
រដ្ឋមន្រ្តីពាណិជ្ជកម្មផ្តល់គន្លឹះសំខាន់ៗមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍផលិតកម្មថ្នាំជក់កម្ពុជាកាន់តែប្រសើរថែមទៀត
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជាសម្រាប់ការនាំចេញ។
យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចសំណេះសំណាលនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានគាំទ្រក្នុងការរៀបចំនិងចុះបញ្ជី “ថ្នាំជក់កម្ពុជា” ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដែលម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលថ្នាំជក់ ទទួលបានតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។
ដើម្បីជាវិភាគទានដល់ការជំរុញការអភិវឌ្ឍផលិតកម្មថ្នាំជក់កម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានចូលរួមចែករំលែកនូវអនុសាសន៍គន្លឹះមួយចំនួន រួមមាន៖ ១- ផលិតផលម៉ាកសមូហភាពពិតជាផ្តល់នូវគុណតម្លៃខ្ពស់ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងទេសចរណ៍សម្រាប់កម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” ឱ្យបានរឹងមាំ ដែលត្រូវមានការចូលរួមមិនអាចខ្វះបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាពិសេសកិច្ចគាំទ្ររបស់ក្រុមហ៊ុន JTI ក្នុងការពង្រឹងគុណភាព និងជំរុញការនាំចេញផលិតផលថ្នាំជក់កម្ពុជានេះ ទៅទីផ្សារអន្តរជាតិ និងទីផ្សារក្នុងប្រទេសជប៉ុន។ ២- បងប្អូនប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួតទាំងអស់ ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតផលិតផលថ្នាំជក់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។ ៣- ស្ថាប័នមានសមត្ថកិច្ចក្រោមចំណុះក្រសួងពាណិជ្ជកម្ម ជាពិសេស មន្ទីរពាណិជ្ជកម្មខេត្ត និងសាខាក.ប.ប. សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំជំរុញការប្រកួតប្រជែងស្មើភាព តាមរយៈការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាពនិងយុត្តិធម៌ ការចូលរួមពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែប្រសើរ និងការពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជនអ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។ និង៤- ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជន ត្រូវបន្តសហការគ្នារកវិធីសាស្ដ្រឱ្យកាន់តែមានប្រសិទ្ធភាពជាសម្លេងមួយ ជាយុទ្ធសាស្រ្តមួយ ជាផែនការសកម្មភាពមួយ សហការគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងសរុប ដើម្បីយើងអាចធានាបានតម្លៃ ធានាគុណភាព ធានាបរិមាណបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ពង្រឹងនិងពង្រីកទៅផ្សារនាំចេញ៕








-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG