ព័ត៌មាន
សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូសភាកម្ពុជាក្នុងកិច្ចប្រជុំកំពូល UPF បញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដ៏មុតមាំរបស់កម្ពុជានៅក្នុងការថែរក្សាសុខសន្តិភាព
នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន ស្ថាបនិកសហព័ន្ធសន្តិភាពសកល។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តីជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការគ្រប់គ្រងរបស់សហព័ន្ធសន្តិភាពសកល ដែលបានរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះឡើង។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការនឹករលឹកនិងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំសមាជិកសមាជិកា បងប្អូន មិត្តរួមការងារនៅសហព័ន្ធសន្តិភាពសកលផងដែរ។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះសហព័ន្ធសន្តិភាពសកល ដែលបានគាំទ្រធម្មនុញ្ញសន្តិភាពសកល ដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំនេះ បានរៀបចំឡើងស្របពេល ដែលពិភពលោកកំពុងជួបនឹងបញ្ហាប្រឈមជាច្រើន មិនធ្លាប់មានពីមុនមក មានភាពមិនច្បាស់លាស់ ស្មុគស្មាញ និងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ តាមរយៈកិច្ចប្រជុំកំពូលនាពេលនេះ សង្ឃឹមថានឹងមានការសម្រេចចិត្ត និងសកម្មភាពជាក់ស្តែងបន្ថែមទៀតនៅក្នុងការដោះស្រាយបញ្ហារួមដែលជាកង្វល់របស់ប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដ៏មុតមាំរបស់កម្ពុជានៅក្នុងការថែរក្សាសុខសន្តិភាព។ សភាកម្ពុជាទន្ទឹងរង់ចាំក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូ ជាមួយសហព័ន្ធសន្តិភាពសកលក្នុងការជំរុញចក្ខុវិស័យរួមនៃសន្តិភាព និងវិបុលភាពសកល។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាមានឆន្ទៈបន្តជំរុញការសន្ទនា ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការជឿទុកចិត្តក្នុងចំណោមប្រជាជាតិ និងសហគមន៍។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា “ខ្ញុំជឿថាការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការចាប់អារម្មណ៍ទៅវិញទៅមក គឺជាគោលការណ៍សំខាន់ដែលនាំទៅដល់សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា យើងអាចសម្រេចបានកាន់តែច្រើន និងបង្កើតឥទ្ធិពលដ៏យូរអង្វែង។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល ដែលជាព្រឹត្តិការណ៍សំខាន់នៅក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។
លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន សូមកោតសរសើរចំពោះថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាដើម ដែលបានផ្តល់តម្លៃនិងលើកតម្កើងចំពោះស្រ្តី ក្នុងការទទួលបាននូវតួនាទីថ្នាក់ដឹកនាំ ដូចជាសម្តេចរដ្ឋសភាធិបតី ដែលជាឧទាហរណ៍ជាក់ស្តែងមួយស្រាប់។ សម្តេចប្រធានរដ្ឋសភាជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រកបដោយសមត្ថភាព និងបទពិសោធន៍ ហើយវត្តមានសម្តេចនៅក្នុងឱកាសនេះ មានសារៈសំខាន់ជាទីបំផុតចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕

-
កីឡា1 week ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
-
កីឡា6 days ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
កីឡា1 week ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
កីឡា1 week ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន2 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា6 days ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
-
ព័ត៌មាន7 days ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន1 week ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area