ព័ត៌មាន
ខេត្តព្រះវិហាររៀបចំព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្ត» រយៈពេល៣ថ្ងៃ មានការតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សក្តានុពលនៃខេត្ត
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ឆ្នាំ២០២៥ ទ្រង់ទ្រាយធំជាងឆ្នាំមុនៗ និងមានការលេងល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទ មានរៀបចំតំបន់សើម ព្រមទាំងមានការប្រគុំតន្ត្រីខ្នាតធំ និងមានបាញ់កាំជ្រួចផងដែរ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។
ក្នុងសេចក្តីជូនដំណឹងនោះ មានខ្លឹមសារដូច្នេះថា រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ គស.២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។
ការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ឆ្នាំ២០២៥ នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀត ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។
ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីប្រពៃណី និងសម័យ ប្រដាល់គុនខ្មែរ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួម ចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រះវិហារ ។
សូមបញ្ជាក់ផងដែរថា កាលពីសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការខេត្ត និង ក្រុមការងារ ស.ស.យ.ក របស់ខេត្ត អញ្ជើញទៅកាន់ទីសក្ការៈបូជា ពេយលោកតាឌី ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សិរីមង្គល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅខ្នងភ្នំប្រាសាទព្រះវិហារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបោះជំរុំលើភ្នំដងរែក ប្រាសាទព្រះវិហារ ក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ៥មករា ជាទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងស្រុកជាំក្សាន្ត ក្រៅពីការសាកសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត រួមទាំងគណៈប្រតិភូ រៀបចំអាហារសាមគ្គីជាមួយភាគីថៃ-កម្ពុជា នៅលើភ្នំដងរែកច្រកតាផាវ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងសាមគ្គីភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំងអស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦