កីឡា
វគ្គ ១/២ ពានសម្ដេចតេជោ មានការប្រែប្រួលកាលបរិច្ចេទថ្មី ខណៈថ្ងៃទី២៣-មេសា មាន ១ប្រកួតប៉ុណ្ណោះ
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្នុងសប្ដាហ៍នេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមវិសាខា ចំនួន ២ជើង ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ។
ទន្ទឹមជាមួយគ្នា ដោយមានសំណើរពីក្លិបពាក់ព័ន្ធមួយចំនួន បានជំរុញឲ្យកាលបរិច្ចេទនៃការប្រកួត មានការប្រែប្រួល ដើម្បីសម្រួលដល់ក្លិបសាមី ក្នុងនោះជំនួបជើងទី១ រវាងភ្នំពេញក្រោន និងវិសាខា ដែលគ្រោងជួបគ្នា នៅថ្ងៃទី២៣ ខែមេសា ត្រូវបានលើកពេលទៅប្រកួតនាថ្ងៃទី៣០ ខែមេសាវិញ គ្រាដែលជំនួបជើងទី១ រវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលត្រូវជួបគ្នានៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី២៣ ខែមេសា គឺរក្សានៅដដែល តែប្ដូរម៉ោងប្រកួតពីម៉ោង ៦ល្ងាច ទៅម៉ោង ៧យប់វិញ។
ជុំវិញការលើកពេលប្រកួតជើងទី១ រវាងភ្នំពេញក្រោន និងវិសាខា ក្រោយអតីតក្រុមជើងឯក ៣សម័យ វិសាខា បានធ្វើការស្នើសុំលើកកាលបរិច្ចេទនៃការប្រកួត ដើម្បីចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់កីឡាករខ្លួន គឺខ្សែការពារ ទេស សម្បត្តិ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងទទួលមរណភាព កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។ ជាមួយសំណើរ អមនូវដំណឹងមរណភាពដ៏ក្ដុកក្ដួលនេះ ភាគីពាក់ព័ន្ធ ពិសេសក្លិបភ្នំពេញក្រោន ក៏បានឯកភាពលើកការប្រកួតនេះផងដែរ ។
ដោយឡែកជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ សម្រាប់ជំនួបរវាងវិសាខា ដែលត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោនវិញម្ដង គឺរក្សាការប្រកួតនៅថ្ងៃទី៧ ខែឧសភាដដែល តែជំនួបរវាងព្រះខ័នរាជស្វាយរៀង និងក្រុមភ្ញៀវបឹងកេត ត្រូវលើកពេលការប្រកួតពីថ្ងៃទី៧ ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។ ការលើកពេលនេះ តបតាមសំណើររបស់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីត្រៀមលក្ខណៈធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដែលក្រុមតំណាងកម្ពុជានេះ ត្រូវជួបក្រុម Arkadag របស់តួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។
ដោយមើលឃើញពីសារៈសំខាន់យ៉ាងខ្លាំង ចំពោះការប្រកួតនេះ ដែលជាឱកាសក្នុងការលើកកម្ពស់កេរ្ដិ៍ឈ្មោះសម្រាប់បាល់ទាត់កម្ពុជា និងមានពិន្ទុ AFC សំខាន់ៗ ដែលត្រូវការឈ្នះដើម្បីជួយបាល់ទាត់កម្ពុជាឲ្យទទួលបានចំណាត់ថ្នាក់ខ្ពស់ និងកាន់តែច្រើនសម្រាប់ក្លិបក្នុងការចូលរួមប្រកួតពានរង្វាន់ AFC ភាគីពាក់ព័ន្ធ ក៏ដូចជាក្លិបបឹងកេតផ្ទាល់ ក៏បានឯកភាព និងគាំទ្រចូលរួមការលើកពេលការប្រកួតជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ