ព័ត៌មាន
សម្ដេចធិបតី ផ្ញើលិខិតជម្រាបទៅអគ្គលេខាធិការUNថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផងដែរ។
សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងឮត្រាចាយ៉ា បានបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំដែលបានផ្ទុះឡើងពីថ្ងៃទី២៤ ខែកក្កដា ក្នុងខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ តែគួរឱ្យសោកស្តាយ ដែលសកម្មភាព ល្មើសនឹងបទឈប់បាញ់របស់កម្លាំងយោធាថៃ នៅតែបន្តឥតឈប់ និងថែមទាំងបានពង្រីកហួស ចេញ ពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមកទៀតផង។
តាមសារលិខិតសម្ដេចធិបតីបានបញ្ជាក់ថាចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងយោធាថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួស បន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅដ្ឋានដែលពួកគេបានរស់នៅ ដ៏យូរលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគ ពាយព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីតំបន់ជម្លោះ ដូចរៀបរាប់ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១០០០ នាក់។
ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។
សម្ដេចធិបតីបានបញ្ជាក់ថា សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០០ គូសជា ឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជា លទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើត ឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះ ហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ២០០០)។ អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និង មានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។
សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់ គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) នឹងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលថ្មីៗនេះ ដែលថា «ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង…ឬពង្រីកវិសាលភាព និងទំហំជម្លោះ»។
វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តក្រៅដែនដីនៃច្បាប់អាជ្ញាសឹកថៃ គឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះសកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខ ដាក់គ្នាដោយហិង្សា។
ក្នុងស្មារតីបន្ធូរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន សម្ដេចធិបតី បានស្នើសុំជំនួយពីឯកឧត្តមអគ្គលេខាធិការ UN ក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញឱ្យប្រទេសថៃ៖ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាន នៅទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នា ពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាព តានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។ ហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ។ រុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅមិនទាន់បានដោះស្រាយបញ្ចប់។
សម្ដេចធិបតីស្នើឱ្យបញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញ ចេញរួចហើយ អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងដីរបស់ពួកគេវិញ។ បញ្ឈប់ការប្រើប្រាស់ ឬគ្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជា ឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា JBC បន្តធ្វើការងារ ដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានស្រាប់ និងដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំង បញ្ជូនត្រឡប់វិញ យោធិនកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ភាគីថៃ។
សម្ដេចធិបតីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាព ជំរុញកិច្ចសហ ប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើ និងក្នុងស្មារតីនៃការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការសន្ទនាក្នុងន័យស្ថាបនា សម្ដេចសង្ឃឹមជឿជាក់ថា ឯកឧត្តមអគ្គលេខាធិការ UN នឹងពិចារណាផ្តល់ការគាំទ្រដ៏មានតម្លៃតាមរយៈយន្តការសមស្របដើម្បីជួយជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាពនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានាដែលកម្ពុជា-ថៃសម្រេចបាន។ ការដឹកនាំ និងការចូលរួមចំណែកជាបន្តទៀតរបស់ឯកឧត្តម ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងជំរុញដំណោះស្រាយ សន្តិវិធីចំពោះ ស្ថានភាពបច្ចុប្បន្ន៕




-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន2 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន7 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ