ព័ត៌មាន
ADB អនុម័តប្រាក់កម្ចីជាង ៥២ លានដុល្លារ ពង្រីកបណ្តាញថាមពលកើតឡើងវិញ នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២ លានដុល្លារសម្រាប់ គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា។ គម្រោងនេះនឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។ នេះបើតាមការផ្សាយរបស់ ADB Cambodia នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ប្រទេសកម្ពុជា បានបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី ៨,៦៨ តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២០ ដល់ ១៧,៨៥ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យគឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាតនិងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពល កកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។»
បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង។ គម្រោងនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី ២៣០ គីឡូវ៉ុលប្រវែង ៥៥ គីឡូម៉ែត្រ រវាងខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួន ៩ នៅទូទាំងប្រទេស។ ការវិនិយោគទាំងនេះ នឹងពង្រឹងសមត្ថភាពបញ្ជូនថាមពលដើម្បីផ្តល់ថាមពលកកើតឡើងវិញទៅកាន់ទីតាំងដែលមានតម្រូវការទូទាំងប្រទេស បង្កើនភាពជឿជាក់ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើន។
ដោយស្របតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី (២០២២–២០៤០) និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (២០២២–២០៣០) គម្រោងនេះនឹងជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងដំណើរការបញ្ជូន និង បង្កើនសុវត្ថិភាពថាមពល៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព