ព័ត៌មាន
ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្ដេជ្ញាជំរុញទំនាក់ទំនងទាំងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិជាមួយកម្ពុជាឱ្យរីកចម្រើន
លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បានប្ដេជ្ញាជំរុញទំនាក់ទំនងទាំងផ្នែក នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសជំរុញវិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន។

លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួបនោះសម្ដេចតេជោ ហ៊ុន សែន ក្នុងបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះលោកជំទាវ ហើយសម្ដេចបានចាត់ទុកវត្តមានលោកជំទាវបំពេញបេសកកម្មនៅកម្ពុជានឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់នូវស្ថានទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកដំបូង ដែលនេះគឺជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីលឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះលោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំងជូនដល់សម្ដេចក្នុងឱកាសនេះ។ លោកជំទាវជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីលឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើង។
លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងកម្ពុជា និងប្រេស៊ីល ក្នុងនោះក៏មានការពង្រីកទំនាក់ទំនងទាំងរដ្ឋាភិបាលផង និងស្ថាប័ននីតិប្បញ្ញត្តិដែរដោយលោកជំទាវនឹងជំរុញឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការឱ្យមានភាពល្អប្រសើរ។

នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ ចំពោះការលើកឡើងរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ចំពោះការជំរុញនូវវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនកើនឡើង។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងដ៏ល្អទៅមុខលឿនបានគឺអាស្រ័យលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូច្នេះឯងប្រសិនបើប្រទេសទាំងពីរ រដ្ឋាភិបាលទាំងពីរ ខិតខំប្រឹងប្រែងពង្រីកពាណិជ្ជកម្មជាមួយគ្នាឱ្យមានការកើនឡើង គឺជាផ្នែកនៃការរុញច្រានទំនាក់ទំនងឱ្យកាន់តែល្អទៅជាមួយគ្នាផងដែរ។
សម្ដេចតេជោ ក៏បានស្វាគមន៍ចំពោះគំនិតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ចំពោះការពង្រីកទំនាក់ទំនងលើផ្នែកស្ថាប័ននីតិប្បញ្ញត្តិ ឬសភារវាងប្រទេសទាំងពីរ ដោយសម្ដេចតេជោបានបញ្ជាក់នូវគំនិតផ្គួចផ្ដើមថា ប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្តភាពសភានៃប្រទេសទាំងពីរទាំងស្ថាប័នរដ្ឋសភា និងស្ថាប័នព្រឹទ្ធសភា ដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិនេះអាចធ្វើការ និងពង្រីកនូវការទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា៕



-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា