ព័ត៌មាន
គណៈប្រតិភូសភាសហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក
នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម Adam Smith បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គណៈប្រតិភូសភាអាមេរិកក៏បានកោតសរសើរចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, វិនិយោគ, ការពារជាតិ, សន្តិសុខ និងអប់រំ ជាដេីម។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឆាប់រហ័ស ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូនគណៈប្រតិភូសភាអាមេរិកអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី, ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និង សន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព