ព័ត៌មាន
ឮសំឡេងផ្ទុះអាវុធ៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ នៅម៉ោង១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា
(បន្ទាយមានជ័យ)៖ នៅម៉ោង ១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គេបានឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។
ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាភូមិសាស្ត្រមួយ ដែលកងទ័ពរបស់ថៃ បានធ្វើសកម្មភាពរំលោភបំពានដែនដី និងអធិបតេយ្យរបស់កម្ពុជា។ ក្នុងនោះភូមិឋាន ដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ និងព្រៃចាន់ ត្រូវបានកងទ័ពថៃ ធ្វើសកម្មភាពព័ទ្ធបន្លាលួសបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលថៃ បានធ្វើជាមួយកម្ពុជា។
នៅក្នុងភូមិសាស្ត្រនេះ ថៃបានធ្វើសកម្មភាពចល័ត និងពង្រាយទ័ពផ្ទុយនឹងបទឈប់បាញ់ដែលថៃ បានធ្វើជាមួយកម្ពុជា ដោយមានម៉ាឡេស៊ី អាមេរិក និងចិនធ្វើជាសាក្សីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
សំឡេងផ្ទុះនាយប់មិញនេះ គេមិនទាន់ដឹងថា ជាការផ្ទុះដោយសារមូលហេតុអ្វីនោះទេ? នាពេលកន្លងមកនៅក្នុងទឹកដីក្នុងភូមិសាស្ត្រខាងលើនេះ តែងតែឮសូរសំឡេងផ្ទុះអាវុធជាញឹកញាប់ តែភាគីកម្ពុជាមិនដែលធ្វើសកម្មភាពឆ្លើយតបណាមួយឡើយ ហើយរក្សាបានយ៉ាងខ្ជាប់ខ្ជួនបំផុតនូវស្មារតីនៃបទឈប់បាញ់។
ជាការកត់សម្គាល់ ថៃ តែងតែធ្វើសកម្មភាពបង្កហេតុនានានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជាកំលុងពេលអនុវត្តបទឈប់បាញ់ ក្នុងចេតនាអុជអាលឱ្យមានការផ្ទុះអាវុធនៅតាមព្រំដែន។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ កងទ័ពថៃ បានបាញ់កាំភ្លើងធំចូលតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់កម្ពុជា តែស្មារតីគោរពបទឈប់បាញ់ កងទ័ពកម្ពុជា មិនបាញ់តបតនោះឡើយ។
សូមបញ្ជាក់ថា បើទោះបីយប់មិញនេះ មានឮសំឡេងផ្ទុះអាវុធនៅទឹកដីថៃ តែរហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពនៅក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ជាពិសេសភូមិជោគជ័យ និងព្រៃចាន់ មានសភាពស្ងប់ស្ងាត់៕



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព