ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិបន្ទាន់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សករណីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃមកលើប្រជាជនកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់ជូនចំពោះ ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ និងបានអញ្ជើញឧត្តមស្នងការអង្គការសហប្រជាជាតិចុះមកសង្កេតការណ៍ដោយផ្ទាល់អំពីការរំលោភសិទ្ធិមនុស្សពីសំណាក់យោធាថៃ។
គ.ស.ម.ក. បានជម្រាបទៅ ឯកឧត្តម Volker Türk ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានអះអាងថា កងយោធាថៃបានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗចាប់ពីម៉ោង ១០ និង៤៤ នាទី រសៀលរហូតដល់ម៉ោង ១២ និង៤នាទី កណ្តាលអធ្រាត្រ និងបានបន្តចាក់សំឡេងរំខានជាសំឡេងយន្តហោះពីម៉ោង ៣ និង ២២នាទី រហូតដល់ម៉ោង ៣ និង៥៣ នាទី ទាបភ្លឺដោយមានគោលបំណងរំខាន និងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។ សំឡេងទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំង និងមានកម្រិតខ្ពស់ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅ ក្នុងតំបន់នោះរួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។
គ.ស.ម.ក.បានបញ្ជាក់ថា សកម្មភាពបែបវិទ្ធង្សនា និងបង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។ សកម្មភាពទាំងនេះមិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោលរពអធិបតេយ្យភាពរគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិទាំងអស់។
គ.ស.ម.ក.បានបញ្ជាក់ថា សកម្មភាពខាងលើ គឺជាការរំលោភ យ៉ាងធ្ងន់ធ្ងរនូវស្មារតីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាង កម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង បណ្តាលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងៗទៀត។
តាមរយៈសកម្មភាពរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបែបនេះ គ.ស.ម.ក. បានស្នើសុំ ឯកឧត្តម Volker Türk ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់អំពីការប្រើប្រាស់សំឡេងរំខាន ដោយកងទ័ពថៃ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សនេះ។ អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជាជា ពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អាធ្រាតុ។ ធានាការការពារនិងការផ្តល់ជំនួយវេជ្ជសាស្ត្រ និងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរងគ្រោះ រួម ទាំងស្ត្រី កុមារ និងមនុស្សចាស់។ លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីទប់ស្កាត់ការកើត ឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្តីពីបទ ឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ។
ជាមួយគ្នានេះ គ.ស.ម.ក. ក៏បានអញ្ជើញឯកឧត្តម Volker Türk ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក. នឹងធានារ៉ាប់រងរាល់ការចំណាយ និងសម្របសម្រួលជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់។ ខណៈបេសកកម្មនេះ នឹងអនុញ្ញតឱ្យ OHCHR ចុះសង្កេតការណ៍ដោយផ្ទាល់អំពីស្ថានភាពនៅក្នុងតំបន់នោះនិងចូលរួមក្នុងការការពារសិទ្ធិមនុស្សនិងគោលការណ៍មនុស្សធម៌នៅនឹងកន្លែង។
គ.ស.ម.ក. គូសបញ្ជាក់ថា សកម្មភាពគំរាមកំហែង ការយាយី ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោកចំពោះប្រជាជនកម្ពុជា គឺមិនអាចទទួលយកបានឡើយ ទោះស្ថិតក្រោម កាលៈទេសៈណាក៏ដោយ។ ខណៈប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់ដោយឥតងាករេចំពោះសិទ្ធិមនុស្ស អធិបតេយ្យភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែ សកម្មភាពដោយបំពាននិងយាយីមកលើប្រជាជន គឺមិនអាចលើកលែង ឱ្យបានឡើយ។ គ.ស.ម.ក. នៅតែប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងឯកឧត្តម ព្រមទាំងសហការី ឯកឧត្តម ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់រស់នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ៕





-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា