ព័ត៌មាន
អន្តរក្រសួងបើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងស្តង់ដានីតិវិធីប្រតិបត្តិ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.រ.ជ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៃក្រុមការងាររាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបត្តិនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF-SOPs) និងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការអនុវត្តវិធានការដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF-MIS) ក្រោមអធិបតីភាព របស់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាននៃគ.ស.រ.ជ.។ កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) និងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសមកពីក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន សរុបទាំងអស់ចំនួនប្រមាណ៨០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានរម្លេចពីសារៈសំខាន់នៃការរៀបចំ G-PSF-SOPs និង G-PSF-MIS ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់គាំទ្រដល់ដំណើរការអនុវត្តការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ឱ្យកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស និងមានប្រសិទ្ធផលខ្ពស់ ស្របតាមការវិវត្តសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សំដៅប្រមូល ចងក្រង និងរក្សាទុកនូវធាតុចូល បញ្ហាប្រឈមលើកឡើងពីវិស័យឯកជន និងដំណោះស្រាយតាមប្រព័ន្ធឌីជីថល ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិការងារ ការចូលរួមចំណែកពង្រឹងបរិយាកាសធុរកិច្ច និងលើកស្ទួយកំណើននិងសក្ដានុពលសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានយកឱកាសនេះថ្លែងអំណរអរគុណដល់រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដែលផ្តល់ការគាំទ្រលើយន្តការ G-PSF ពិសេសការគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធនានានាពេលកន្លងមក រាប់បញ្ចូលទាំងការរៀបចំ G-PSF-SOPs និង G-PSF- MIS ផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) ដែលតំណាងឱ្យផ្នែកឯកជន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាននៃ គ.ស.រ.ជ. ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី CAPRED ដែលបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសម្របសម្រួលជាមួយនឹងវិស័យឯកជនក្រោមក្របខណ្ឌយន្តការ G-PSF និងជាពិសេសក្នុង ការរៀបចំ G-PSF-SOPs និង G-PSF-MIS ដើម្បីអាចដាក់ឱ្យប្រើប្រាស់បាននាពេលដ៏ខ្លីខាងមុខ តបតាមសំណូមពរដ៏ទទូចរបស់វិស័យឯកជន។ ក្នុងនាមផ្នែកឯកជន អ្នកឧកញ៉ា បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលធ្លាប់បានកើតឡើងក្នុងដំណើរការងារក្រោមក្របខណ្ឌយន្តការ G-PSF និងបានទទួលស្គាល់ថា G-PSF-SOPs និង G-PSF-MIS នឹងក្លាយជាឧបករណ៍បំពេញបន្ថែមថ្មីមួយទៀតគាំទ្រដល់ការដោះស្រាយភាពមិនទាន់ស៊ីសង្វាក់គ្នាមួយចំនួនរវាងក្រុមការងាររាជរដ្ឋាភិបាលនិងផ្នែកឯកជន ក្នុងការអនុវត្តការងារកន្លងមកផងដែរ ហើយជាមួយគ្នានេះបានប្តេជ្ញាចូលរួមសហការនិងសម្របសម្រួលឱ្យបានល្អជាមួយនឹងគ្រប់អង្គពាក់ព័ន្ធ ដើម្បីជំរុញឱ្យកិច្ចការងារខាងលើសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក Paul Keogh នាយកកម្មវិធី CAPRED ក៏លើកឡើងផងដែរថា រដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រការលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពការងារស្ថាប័ន និងមានក្តីមោទនក្នុងការគាំទ្រដល់ដំណើប្រតិបត្តិរបស់យន្តការ G-PSF ដែលបានចូលរួមចំណែកលើកកម្ពស់បរិស្ថានធុរកិច្ចនិងវិនិយោគ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាហើយយល់ថាកិច្ចការដែលយើងទាំងអស់គ្នាបាននឹងកំពុងរៀបចំនេះ គឺដើម្បីធានាថាយន្តការវេទិកានៃការសន្ទនាដ៏មានសារៈសំខាន់មួយ នេះនៅតែមានប្រសិទ្ធភាព និងរឹងមាំ៕





-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦