ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់លើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅមូលដ្ឋាន និងកំណើនសេដ្ឋកិច្ចជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ ដែលនេះគឺជាវេទិកានៃការជួបជុំប្រចាំឆ្នាំដ៏សំខាន់ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិវិស័យ ឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ និងអង្គការអន្តរជាតិ បងប្អូនប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធនានា ដើម្បីរួមគ្នាពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងបទពិសោធលើការងារអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្នុងពិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី ខេត្ត ដែលជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ វិស័យឯកជន តំណាងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ជាពិសេសបងប្អូនប្រជាសហគមន៍ដែលអញ្ជើញមកពីទូទាំងប្រទេសសរុបប្រមាណ ៦០០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគ.ជ.អ.អ. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ជាសត្យានុម័តថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនានាប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត, ការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយខ្លួនឯង, ការទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ប្រកបដោយសមធម៌, ការបែងចែកផលចំណេញពីសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ សំដៅចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ, ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំលឹកជូនអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាត្រូវធានាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ជូន ប្រជាសហគមន៍ ជាអាទិភាពទីមួយ ដូចដែល សម្តេច បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាឱកាសចុះធ្វើទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍តេទឹកពុះ និងសហគមន៍អេកូទេសចរណ៍ខ្នងផ្សារ សហគមន៍ទេសចរណ៍កំពង់ភ្លុក និងសហគមន៍ភ្នំគូលែនជាដើម។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចបន្ថែមថា កម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ានតាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍,ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន, កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ (Equitable Profit-Sharing Model)។
ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគ.ជ.អ.អ. មានប្រសាសន៍ថា ទេសចរណ៍ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលឱ្យភ្ញៀវទេសចរផ្ទាល់ ដែលជាការនាំចេញនៅនឹងកន្លែង ពិសេសក៏បានរំលេចអំពីកិច្ចការអភិរក្សរបស់ក្រសួងកសិកម្ម ជាពិសេសកិច្ចខិតខំប្រឹងប្រែងការពារ គ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនៈសម្បត្តិធម្មជាតិ និងជាការទាក់ទាញដ៏ធំមួយសម្រាប់អេកូទេសចរណ៍នៅកម្ពុជា។














-
PR NEWS1 day agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន4 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន5 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស