Connect with us

ព័ត៌មាន

​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការីប្រារព្ធពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ ៨៩អង្គ ដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម គម្រប់៨៨ យាងចូល៨៩ព្រះវស្សា

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសហការី រួមទាំងភរិយាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨៩អង្គ ដើម្បីថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា។ ពិធីនេះបានប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន មានសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។

ក្នុងវរោកាសដ៏មហាប្រសើរថ្លៃថ្លានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ តែងតែបានយ៉ាងដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះ ជាតិ មាតុភូមិ។ ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជូបត្ថម្ភ គាំទ្រកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់ខ្ញុំម្ចាស់ និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិស បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងដួងព្រះវិឍញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ និងរាប់បាត្រព្រះសង្ឃ ៨៩អង្គ ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុត្រចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រះសង្ឃនិមន្ដរាប់បាត្រ ៨៩អង្គ និមន្ដពីវត្ដ៖

១៖ វត្តបទុមវតីរាជវរារាម គណៈធម្មយុត្តិកនិកាយ (រាជធានីភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ

២៖ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក (រាជធានីភ្នំពេញ)៖ សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនា (ព្រះសង្ឃ ២០អង្គ)

៣៖ វត្តព្រះឥន្ទ្រសាមគ្គីធម៌ (ស្រុកអង្គស្នួល ខេត្តកណ្តាល)៖ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះមេគណគណធម្មយុត្តិកនិកាយខេត្តកណ្តាល

៤៖ វត្តចន្ទបុរីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ និងជាព្រះអនុប្រធានអចិន្ត្រៃយ៍ថេរសភានៃពុទ្ធសាសនា

៥៖ វត្តមុនីប្រសិទ្ធីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃគណៈមហានិកាយ ព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភានៃពុទ្ធសាសនា

​៦៖ វត្តវិមានតេជះ ហៅវត្តស្រះចក (រាជធានីភ្នំពេញ)៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃពុទ្ធសាសនា (ព្រះសង្ឃ ២០អង្គ)

៧៖ វត្តព្រែកតាទែន (ខេត្តកណ្តាល)៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល

៨៖ វត្តបទុមវតីរាជវរារាម គណៈមហានិកាយ (រាជធានីភ្នំពេញ)៖ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាអគ្គលេខាធិការរង ថេរសភានៃពុទ្ធសាសនា (ព្រះសង្ឃ ២០អង្គ)

៩៖ វត្តឧណ្ណាលោម (រាជធានីភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត (ព្រះសង្ឃ ២០អង្គ)

ចំពោះទេយ្យទានសម្រាប់សម្តេចព្រះសង្ឃ ៩អង្គ, ប្រគេនក្នុង ១អង្គៗ៖ លាងបរិក្ខា ១, កន្ត្រកភេសជ្ជៈ ១កន្ត្រក, កន្ត្រកផ្លែឈើ ១កន្ត្រក, ចង្ហាន់ ១ស្រាក់, បង្អែម ១កាតូ, កន្ត្រកផ្កា ១កន្ត្រក, អង្ករ ១បាវ (ស្មើនឹង ៥០ គីឡូក្រាម), មី ១កេស, ត្រីងៀត – សាច់ក្រក ១កន្ត្រក, ទឹកបរិសុទ្ធអារុណា ២កេស, ទឹកក្រូច ២កេស, ទឹកត្រឡាច ២កេស, ទឹកសណ្តែក ២កេស, បាកាស ២កេស, មៀនកំប៉ុង ១កេស, ទឹកដោះគោខាប់ ១កេស, កាកាវ ១កេស, បច្ច័យ ១,០០០ដុល្លារ (៩អង្គ = ៩,០០០ដុល្លារ) ។សូមបញ្ជាក់ថា៖ បច្ច័យប្រគេនវត្ត ក្នុង១វត្តៗ ចំនួន ១០លានរៀល (៩វត្ត = ៩០លានរៀល)

ក្នុងនោះទេយ្យទានសម្រាប់រាប់បាត្រព្រះសង្ឃ ៨០អង្គ ក្នុង១អង្គៗ៖ សាដក ១, ចង្ហាន់ ១ស្រាក់, បង្អែម ១ កាតូ, ថវិកា ១០ ម៉ឺនរៀល។ សម្រាប់ចង្ហាន់ ថ្វាយ-ប្រគេន សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩០ស្រាក់ មានសម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូក, ខជើងជ្រូកផ្កាចេក, សាច់ក្តាមអប់មីសួរ, បង្គាឆាពងទាប្រៃ, បាយស (រាប់បាត្រ) និងបង្អែម៕

 

អត្ថបទ: BTV NEWS

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia