ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរាជទូតម៉ាឡេស៊ីថា ថ្នាក់ដឹកនាំជំនាន់ចាស់នៅតែធ្វើការជាប់នឹងនយោបាយ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា ម៉ាឡេស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ទៅកាន់ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាថា សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀតបានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែប្រសើរឡើង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន និងសហការី និងបានអបអរសាទរដល់ឯកឧត្តមដែលទទួលបានការតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ឯកឧត្តមអគ្គរាជទូត និងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។
ឯកឧត្តមអគ្គរាជទូត ថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃដល់ឯកឧត្តម និងសហការី។ ឯកឧត្តម ក៏បានអបអរសាទរចំពោះ សម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ បានសម្រេចនូវសមិទ្ធផលដ៏ធំធេង ជាពិសេស សុខសន្តិភាព និងជាអ្នកប្រែក្លាយប្រទេសកម្ពុជាពីភាពដុនដាប មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺប្រើរយៈពេលខ្លីណាស់ ដោយគ្រាន់តែអគ្គរាជទូតចាស់ចេញផុតភ្លាម អគ្គរាជទូតថ្មីក៏បានមកដល់ និងចាប់ផ្តើម ធ្វើការភ្លាម ដោយសារតែប្រទេសម៉ាឡេស៊ី បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គរាជទូត បានបង្ហាញនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។
ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្តេចតេជោ បន្ថែមផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច និងរវាងប្រជាជននៃប្រទេសទាំងពីរ គឺមានការរីកចម្រើនល្អប្រសើរ និងត្រូវតែពង្រឹងបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងមោទនភាព ដែលក្នុងរយៈពេលនៃការដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានចូលរួមកសាង និងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រហូតបានក្លាយជាមូលដ្ឋានសម្រាប់ការបន្តជំរុញកិច្ចសហប្រតិបត្តិការដល់ថ្នាក់ដឹកនាំជំនាន់ថ្មី ក៏ដូចជាអ្នកនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា៖«សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀត បានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង»។
សម្តេចប្រធាន ពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជា ដែលជួយដល់កសិករកម្ពុជាខិតខំដាំដុះបន្ថែមទៀត និង ដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត។ សម្ដេចតេជោបានចាត់ទុកថាការដឹកទំនិញតាមផ្លូវទឹករវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ីនៅជិតគ្នាណាស់ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។
សម្ដេចតេជោបានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។ ឆ្នាំនេះកម្ពុជាសង្ឃឹមថាកំណើនសេដ្ឋកិច្ចអាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូតបន្តការខិតខំ ពង្រឹងបន្ថែមទៀត ជាពិសេសការសម្រេចឱ្យបាននូវឧស្សាហកម្មម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។
សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា កម្ពុជាបានផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ីដែលខ្វះពលកម្មនោះផង។
សម្ដេចតេជោ និង ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈឹមបូព៌ា សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានគោលជំហរដដែល គឺបញ្ហានៅមជ្ឈឹមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានស្នើសុំសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី។ សម្ដេចតេជោបានឆ្លើយតបថា សម្តេចទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយនឹងរកពេលវេលាសមស្របណាមួយនៅពេលខាងមុខដើម្បីអញ្ជើញបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី៕
អត្ថបទ: BTV NEWS

-
ព័ត៌មាន5 days ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន4 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន4 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន4 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
ព័ត៌មាន4 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន2 days ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
-
កីឡា5 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ