ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករាប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅសួនមិត្តភាព
អាជ្ញាធរខណ្ឌ៧មករា បានប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបង្ហាញដល់ពលរដ្ឋទាំងអស់បានយល់ពីបញ្ហាបរិស្ថានអនាម័យ ឲ្យមានការចូលរួមថែរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ ឲ្យមានសោភ័ណភាពទីក្រុងល្អស្អាត។
រដ្ឋបាលខណ្ឌ៧មករា ដឹកនាំប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក មានការចូលរួមពីសំណាក់គណៈអភិបាលខណ្ឌ៧មករា គណៈនាយក មន្រ្តីសាលាខណ្ឌ មន្ត្រីសង្កាត់ទាំង៨ កងកំលាំងនគរបាលខណ្ឌ៧មករា កងរាជអាវុធហត្ថខណ្ឌ៧មករា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម មីហ្សូដា MIZUDA សរុបប្រមាណជាង ៣០០នាក់ នៅទីតាំងសួនច្បារមិត្តភាព ស្តិតនៅបណ្តោយផ្លូវលេខ១២៨ ភូមិ៩ សង្កាត់មិត្តភាព នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងទិវាទបរិស្ថានជាតិ និងបរិស្ថានពិភពលោក លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដឹកនាំសមាជិក ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី ៥មិថុនា ក្រោមប្រធានបទ «ការកែប្រែគុណភាពដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» ព្រមជាមួយការបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន។

ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានលើកឡើងថា ក្នុងយុទ្ធនាការនេះ ក្នុងនាមពលរដ្ឋ សូមគាំទ្រយ៉ាងពេកទំហឹង សម្រាប់ការទុកដាក់សម្រាម វិចខ្ចប់ឲ្យបានត្រឹមត្រូវ ជៀសវាងទុកដាក់ពាសវាលពាសកាល ពេលមានភ្លៀងធ្លាក់ម្ដងៗ ហូចូលមាត់លូរ បង្កការកក់ស្ទះផ្លូវទឹក ក៏ដូចជាហូរអណ្ដែតពេញផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យផងដែរ។ ពិសេសទៀតនោះ ពលរដ្ឋបានបន្ថែមថា ពលរដ្ឋមួយចំនួន នៅតែមិនចូលរួមជាមួយអាជ្ញាធរ ដោយអាជ្ញាធរបានពង្រាយធុងសម្រាមតាមសួនសាធារណៈ និងដងផ្លូវគ្រប់ទីកន្លែង តែពលរដ្ឋមិនបានទុកដាក់សម្រាម នៅតាមធុងសម្រាមឡើយ។

ជាចុងក្រោយរដ្ឋបាលខណ្ឌ សូមសំណូមពរដល់ពលរដ្ឋចូលរួមអនុវត្តនូវសកម្មភាព មួយចំនួនរួមមាន ធ្វើការញែកសំរាមសើម សំរាមស្ងួតចេញពីគ្នា និងវេចខ្ចប់ទុកដាក់ក្នុងថង់ ឬធុងសំរាមឱ្យបានត្រឹមត្រូវ។ ចូលរួមអនុវត្តនូវគោលការណ៍ 3R (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ)។ បញ្ចេញសំរាមឱ្យបានទៀងទាត់តាមកម្មវិធី ប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន។ មិនបោះចោលសំរាមក្រៅធុងសំរាម។ ចូលរួមសម្អាតអនាម័យបរិស្ថាន និងអនុវត្តជាប្រចាំនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ និងចូលរួមដាំដើមឈើ និងថែរក្សាផ្ទៃបៃតង ដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយការប្រែប្រួលអាកាសធាតុ៕




អត្ថបទ៖ កុម្ភៈ លីហេង
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧