ព័ត៌មាន
ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត
នៅវត្តបទុមវតីរាជវរារាមព្រឹកថ្ងៃទី២១មិថុនានេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីដ៏មង្គលនេះ មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា សិលវ័ន សីលវត្តី និងពុទ្ធបរិស័ទជាច្រើនផងដែរ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានគោរពស្វាគមន៍ និងថ្លែងគុណកថាសម្តេចព្រះមហាសង្ឃរាជស្តីទី ថា៖ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ទ្រង់ជាបុត្រទី២ របស់ឧបាសក នុត តុន និងឧបាសិកា ម៉ឹង យ៉ឺន ។ក្នុងព្រះជន្ម១៣ឆ្នាំ ទ្រង់បានក្លាយទៅជាកូនកំព្រាម្តាយ រស់នៅជាមួយឳពុក និងប្អូនៗយ៉ាងកំសត់ក្រៃលែង។ព្រះជន្ម១៨ព្រះវស្សា ទ្រង់បានចូលបួសជាសាមណេរ រហូតដល់ព្រះជន្ម២១ព្រះវស្សា បានក្លាយទៅជាឧបសម្បទាភិក្ខុភាវៈ ទ្រង់បានទទួលនាមបញ្ញត្តិថា ចន្ទថេរោ។ក្រោយពីបំពេញជាឧបសម្បទាភិក្ខុភាវៈរួច ទ្រង់គឺជាព្រះសង្ឃមួយព្រះអង្គដែល ប្រតិបត្តិយ៉ាងតឹងរឹងក្នុងធម៌វិន័យឧស្សាហ៍ខិតខំរៀនសូត្ររហូតទទួលបានសញ្ញាបត្រ ផ្សេងៗដូចជាសញ្ញាបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក និងសញ្ញាបត្រគ្រូជាដើម។ ទ្រង់ជា ព្រះឧទ្ទេសាចារ្យ បង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរ ភាសាបាលីដល់ភិក្ខុសាមណេរ និងក្មេងៗកូនចៅអ្នកស្រុកចំណុះជើងវត្ត។ រហូតដល់ឆ្នាំ១៩៧៥ ត្រូវពួកខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទ ហើយ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសជាតិក៏ដូចជាសាសនា បានរស់រានមានជីវិតសារជាថ្មីឡើងវិញនៅថ្ងៃពុធ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស ២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩។ ទ្រង់ត្រូវបានក្រុមប្រឹក្សារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាជ្រើសរើសជាឧបសម្បទាបេក្ខា១រូប ក្នុងចំណោម៧រូប និងចូលបំពេញជាឧបសម្បទ ជាភិក្ខុភាវៈលើកទី២ ជាផ្លូវការដំបូងនៅវត្តឧណាលោម ក្រុងភ្នំពេញ ហើយបានក្លាយទៅជាព្រះឧបជ្ឈា បំបួសកុលបុត្រ នៅក្នុងព្រះពុទ្ធសាសនា បាន ធ្វើឱ្យព្រះពុទ្ធសាសនារីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ព្រះរាជតួនាទី និងសមណសក្កិ ដែលសម្តេចទទួលមានដូចជា៖


ព្រះចៅអធិការវត្តល័ង្លការព្រះកុសម៉ារាមពីឆ្នាំ១៩៨០ដល់១៩៨៩ ជាព្រះចៅអធិការវត្តបទុមវតី ពីឆ្នាំ១៩៨៩ ដល់បច្ចុប្បន្ន ជាព្រះមេគុណក្រុងភ្នំពេញពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ជាព្រះសមាគមពុទ្ធសាសនាខ្មែរនៅឆ្នាំ១៩៩៥ ជាព្រះអធិការ នៃអធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅឆ្នាំ២០០១ដល់ឆ្នាំ២០០៦ ជាព្រះសកលធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនៅ ឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤ ជាព្រះអគាធិការ នៃអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិពីឆ្នាំ២០០៦ដល់ឆ្នាំ២០២៤ ជាព្រះអធិបតី នៃព្រះអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិនៅឆ្នាំ ២០២៤ ជាសម្ដេចព្រះសង្ឃនាយករងទី ១នៅឆ្នាំ១៩៩១ដល់ឆ្នាំ២០០៦ ជាព្រះ សុមេធាធិបតីព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៦ ជាសម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងមានព្រះរាជបុព្វសិទ្ធិ ក្នុងការប្រើប្រាស់រាជសព្ទនិងផ្លិតយសពិសេសនៅឆ្នាំ២០០៧ ។ ជាកិត្តិឧទ្ទេសបណ្ឌិត នៃរាជបណ្ឌិត្យសភា នៅឆ្នាំ២០១២ ជាសម្ដេចព្រះសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៤។ ក្រៅពីនេះទ្រង់ ធ្លាប់ទទួលបានសញ្ញាបត្រស្ថាបនាជាតិ និងគោរមងារផ្សេងៗពីប្រទេសមីយ៉ាន់ម៉ា និងគ្រឿងឥស្សរិយសខ្ពស់បំផុត ជាតូបការពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងពានធម្មចក្រ ពីព្រះរាជាណាចក្រថៃផងដែរ។
ក្នុងព្រះរាជពិធីដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងថ្នាក់ដឹកនាំសំខាន់ៗ បានអញ្ជើញថ្វាយព្រះសុគន្ធវារីលើព្រះបាទា ថ្វាយសម្តេចព្រះមហាសង្ឃរាជស្តីទី លើបុស្បុក ដើម្បីជាការគោរពថ្វាយព្រះពរដល់ សម្តេចក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា៕



អត្ថបទ: BTV NEWS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS17 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច