ព័ត៌មាន
នាយករដ្ឋមន្រ្តីណែនាំស្ថាប័នពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពបំផុតក្នុងការជំរុញសាងសង់ផ្ទះជូនអតីតយុទ្ធជន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញនៃការសាងសង់នូវផ្ទះជូន ដល់បងប្អូនអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ដែលបានលះបង់សាច់ស្រស់ឈាម ស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននោះ។
តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជន និងការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។ មួយវិញទៀតក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជនចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២៣ និងដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ សរុបមានចំនួន ៥ ៥៦៩ខ្នងហើយរហូតដល់ថ្ងៃនេះ។
ក្នុងសារលិខិតខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ខណៈ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។
សម្តេចធិបតី ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំង ប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការ នៅតាមមណ្ឌលយោធិនពិការ ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជនយុទ្ធនារី។ សម្តេចធិបតី ក៏រំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុង ជួបប្រទះការលំបាក។
សម្តេចធិបតី ក៏បានណែនាំដល់សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២។ សមាគមអតីត យុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីត យុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុង ចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិផងដែរ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងតែផ្តល់ការគាំទ្រដល់អតីតយុទ្ធជន និងគ្រួសារជនពលី មរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុត។
សម្តេចធិបតី នាយក រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិង សប្បុរសជនទាំងអស់ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួម ចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន។ ទឹកចិត្តនិងកាយវិការដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំង ឱ្យឃើញពីស្មារតីនៃការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ បាន ចក់
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន7 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន7 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន7 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក