ព័ត៌មាន
ទេសរដ្ឋមន្រ្តី លី ធុជ៖ គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនចង់ឃើញប្រជាជនស្លាប់ និងរងរបួសឡើយ
សៀមរាប៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោក FAN Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលកម្មវិធីផ្សព្វផ្សាយនេះបានទទួលការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ។
លោក FAN Manjiang បានថ្លែងវាយតម្លៃខ្ពស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងប្រពៃណីរវាងកម្ពុជា និងចិន ហើយប្រទេសចិននឹងបន្តឈរជាមួយកម្ពុជាក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតទៅមុខទៀត។ ថ្មីៗនេះ ជាក់ស្តែង ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ ។
លោក FAN Manjiang បញ្ជាក់ទៀតថា ការគាំទ្រសកម្មភាពមីនមនុស្សធម៌ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ចិនមកលើកម្ពុជា ហើយប្រទេសចិននឹងបន្តសកម្មភាពនេះ ដោយចង់ឃើញប្រជាជនកម្ពុជាទទួលបានសុខសុវត្ថិភាព និងរួចចាកផុតពីការគំរាមកំហែងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទាំងនោះក្រោយសង្រ្គាមបានបញ្ចប់។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រទេសចិន ដែលតែងតែគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះ ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ តាមរយៈសេចក្តីថ្លែងការណ៍ហ្វ៊ូសៀនដែលនឹងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ទៀតផង។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលខិតខំប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងការងារនយោបាយ និងការទូត ដើម្បីជំរុញឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ចប់នូវសោកនាដកម្មពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ឯកឧត្ដមបញ្ជាក់ទៀតថា គោលដៅរបស់សម្តេចធិបតី គឺមិនចង់អោយមានសង្រ្គាម និងមិនចង់អោយប្រជាជនកម្ពុជាស្លាប់និងរបួសទេ ពោលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងចង់ឱ្យប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាព និងទទួលបានការអភិវឌ្ឍគ្រប់គ្នាៗ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ក្រោយវិលត្រឡប់ទៅលំនៅឋាន និងការបន្តសកម្មភាពប្រចាំថ្ងៃវិញ។ ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល អាជ្ញាធរមីន បានចេញសេចក្តីណែនាំទៅគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ជំរុញចាត់វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជនភៀសសឹក ដើម្បីបង្ការ និងទប់ស្កាត់ការគ្រោះថ្នាក់ជាយកថាហេតុណាមួយបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។
កម្មវីធីនេះ ប្រព្រឹត្តទៅនៅមណ្ឌលជនភៀសសឹកក្នុងវត្តប្រាសាទនាគគូរ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករសកម្មភាពមីន។













-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន