ព័ត៌មាន
ថៃស្នើសុំលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ខណៈកម្ពុជាស្នើជាថ្មីប្រជុំនៅសប្តាហ៍ទី២ឬទី៣ ខែមករានេះ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។
ជាការឆ្លើយតប ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សា ដោះស្រាយបញ្ហាមួយចំនួន ដូចខាងក្រោម៖
១- ពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃបាននិងកំពុង ធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។
២- បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
៣- ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត។
៤- បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តា ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។


-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន