ព័ត៌មាន
អនុប្រធានទី២ រដ្ឋសភាផ្តល់អនុសាសន៍ឱ្យយុវជនតូ្រវបន្តខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍ កសាងជាតិ
នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប្រធានរដ្ឋសភា បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន ចំនួន ១៧នាក់ នៅវិមានរដ្ឋសភា ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលក្មួយៗនឹងធ្វើដំណើរទៅកាន់ប្រទេសចំនួន២ គឺ ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី។
លោក សុះ សលីហ៊ីន តំណាងប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន បានឡើងមានមតិគោរពថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានិងជប៉ុន ចំនួន១៧នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍នានា ដើម្បីប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានសិក្សាស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសសឹង្ហបុរី។
ឯកឧត្តម វង សូត បានសម្តែងនូវក្តីសោមនស្សរីករាយដែលត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ផ្តល់ឱកាសឱ្យជួបសារជាថ្មីជាមួយក្មួយៗ ព្រមទាំងមានមោទនភាពចំពោះក្មួយៗទាំង១៧រូប តំណាងឱ្យយុវជនកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន នៅពេលនេះ។
ក្នុងឱកាសនេះ ឯកឧត្តម វង សូត បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាមានយុវជនភាគច្រើន (៦០%) ដែលជាកូនចៅនៃជនរងគ្រោះក្រោមរបបប្រល័យពូជសាសន៍។ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយអភិវឌ្ឍយុវជនជាតិចាប់តាំងពីឆ្នាំ២០១១។ ឯកឧត្តម ក៏បានលើកឡើងការងារសំខាន់ៗរបស់រដ្ឋសភា ពិសេសការបង្កើតក្រុមសមាជិកសភាវ័យក្មេង ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការអន្តរជាតិ។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានលើកឡើងថា ក្នុងនាមយុវជនជំនាន់ក្រោយត្រូវតែដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ដែលសម្លាប់ប្រជាជនអស់ជាច្រើនលាននាក់។ សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានដូចសព្វថ្ងៃនេះ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ឥស្សរជនជាតិជាន់ខ្ពស់របស់យើង ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ប្រជាពលរដ្ឋត្រូវមានការចងចាំជានិច្ច នូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ២០ថ្ងៃ និងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានពន្យល់ពីតួនាទីសំខាន់របស់យុវជនក្នុងការរក្សាសាមគ្គីភាពជាតិ ជាពិសេសក្នុងបរិបទបញ្ហាព្រំដែន ដែលកំពុងប្រឈម ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ក្នុងដោះស្រាយតាមយន្តការច្បាប់ រួមមានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ឯកឧត្តមអំពាវនាវឱ្យយុវជនរួមគ្នាការពារសាមគ្គីភាព ប្រយ័ត្នចំពោះព័ត៌មានមិនពិត និងចូលរួមការពារផែនការជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណ និងសរសើរចំពោះការចូលរួមរបស់បណ្តាញយុវជននានា ដែលបានបង្ហាញនូវស្មារតីស្រឡាញ់ជាតិ និងសាមគ្គីភាពដ៏រឹងមាំ។
ឯកឧត្តម បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង រក្សាឥរិយាបទ និងតម្លៃជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ជាតិ រៀនសូត្រពីគ្នាទៅវិញទៅមកជាមួយយុវជនប្រទេសដទៃ ចូលរួមលើកកម្ពស់សន្តិភាព និងការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាពិសេសត្រូវចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកបន្តអភិវឌ្ឍជាតិមាតុភូមិ។
ឯកឧត្តម វង សូត បានផ្តល់អនុសាសន៍យ៉ាងជាក់លាក់ដល់យុវជន ដូចជា៖ សិក្សាប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិឱ្យច្បាស់ មុនពេលផ្សព្វផ្សាយទៅកាន់អន្តរជាតិ។ ត្រូវរួមគ្នាលើកកិត្តិយសជាតិ តាមរយៈការចែករំលែកអំពីអរិយធម៌ដ៏រុងរឿង។ ត្រូវពង្រឹងសាមគ្គីភាព និងផ្សព្វផ្សាយវប្បធម៌ជាតិ ដើម្បីជំរុញទេសចរណ៍។ ពិសេសក្នុងនាមយុវជនត្រូវពង្រឹងនូវសមត្ថភាពផ្នែកបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន។
ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំងអស់ បានថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន បានចូលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ជាមួយគ្នានេះប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 day agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍