ព័ត៌មាន
ឆ្នាំ២០២៥ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មសរុបចំនួនជាង ៦៥ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ
ភ្នំពេញ ៖ គិតត្រឹមបំណាច់ឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៦៥,២៤ពាន់លានដុល្លារ មានការកើនឡើង ១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មនៅក្នុងខ្លឹមសារនៃសមិទ្ធផលការងារ ឆ្នាំ២០២៥ ដែលបានបង្ហាញនៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងនោះការនាំចេញ កម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ និងការនាំចូលសម្រេចបាន ៣៣,៩៦ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ។ ទំនិញសំខាន់ៗ ១០មុខរបស់កម្ពុជាដែលបាននាំចេញ មានដូចជា៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និងខ្សែភ្លើងនិងបង្គុំខ្សែភ្លើង។
នៅក្នុងពិធីបើកអង្គសន្និបាត លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យមន្រ្តីក្រោមឱវាទទាំងនៅក្នុងនិងក្រៅប្រទេស សូមមានការយកចិត្តទុកដាក់ តាមដានស្តាប់ការងារ គោរពនូវបទវិន័យឱ្យបានត្រឹមត្រូវ និងត្រង់យកព័ត៌មានទាំងអស់ដោយយកចិត្តទុដាក់ ជាឱកាសក្នុងការរៀនសូត្រនៅក្នុងឱកាសស្វែងយល់ និងទទួលបាននូវពុទ្ធិថ្មីៗថែមទៀត។ ហើយជាពិសេសតែម្តង គឺផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦នេះ ថាតើពាណិជ្ជកម្មកម្ពុជាចង់ដើរទៅណា? ធ្វើអ្វីខ្លះ? ជាដើម។
នៅក្នុងបទបង្ហាញស្តីពីលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងមិនត្រឹមតែយកចិត្តទុកដាក់ខ្លាំងលើវិស័យពាណិជ្ជកម្មអន្តរជាតិនោះទេ តែក្រសួងក៏បានយកចិត្តទុកដាក់ទៅលើវិស័យពាណិជ្ជកម្មក្នុងប្រទេសផងដែរ។
ទាក់ទងនឹងការលើកស្ទួយទីផ្សារក្នុងស្រុក ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងបានផ្តោតសំខាន់លើការរក្សាឱ្យបាននូវស្ថេរភាពតម្លៃទំនិញសម្រាប់បម្រើជីវភាព និងទំនិញយុទ្ធសាស្រ្តដែលចរាចរណ៍លើទីផ្សារក្នុងស្រុក ដោយត្រូវរក្សាមិនឱ្យតម្លៃទំនិញឡើងខ្ពស់ព្រោះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមិនឱ្យធ្លាក់ខ្លាំងពេកព្រោះធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មនិងផលិតករ ខណៈ ការប្រើប្រាស់ផលិតផលក្នុងស្រុក និងការលើកស្ទួយផលិតផលខ្មែរត្រូវបានលើកស្ទួយ និងត្រូវបានជំរុញយ៉ាងទូលំទូលាយ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលនិន្នាការក្នុងចំណោមអ្នកប្រើប្រាស់ផលិតផលនៅលើទីផ្សារ គឺគាំទ្រផលិតផលខ្មែរជាជាងប្រើប្រាស់ផលិតផលបរទេសដែលជាការរីកចម្រើនមួយ ទាំងផ្នែកស្មារតី និងជាការរួមចំណែកសម្រាប់ជំរុញសហគ្រាសតូចនិងមធ្យមក្នុងស្រុកឱ្យមានកម្លាំងចិត្តក្នុងការផលិតទំនិញបន្ថែមទៀតដើម្បីបម្រើឱ្យទីផ្សារ៕
អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច