ព័ត៌មាន
ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជាសរុប ៨រូប បាននឹងកំពុងស្ថិតនៅទីក្រុង Luzhou ប្រទេសចិន ដើម្បីចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ (Asian Mixed Martial Arts ឬ AMMA Championship) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករាចុងសប្ដាហ៍នេះ។
ក្នុងចំណោមប្រតិភូកីឡាយុទ្ធគុនចម្រុះកម្ពុជាទាំង ៨រូប ដែលដឹកនាំដោយលោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានេះ គឺមានកីឡាករ-កីឡាការិនី ៥រូប ក្នុងនោះមាន ៣រូប ធ្លាប់ឈ្នះមេដាយ កាលពីឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AMMA Championship លើកទី២ គឺមានម្ចាស់មេដាយមាសកីឡាការិនី ខៀវ ចិន្តារ័ត្ន, ម្ចាស់មេដាយប្រាក់កីឡាការិនី គន្ធ វណ្ណនីតា និងម្ចាស់មេដាយសំរឹទ្ធ ផេង សុបញ្ញា ។
ចំណែក ២រូបទៀត គឺជាអត្តពលិកចំណូលថ្មី ដែលទើបចូលរួមការប្រកួតលើកដំបូង ក្នុងការប្រកួត AMMA Championship 2026 នៅប្រទេសចិន នាចុងសប្ដាហ៍នេះ រួមមានកីឡាការិនី ចេង ដាលីន និងកីឡាការិនី ម៉ាប់ សុខហួយ ។ យ៉ាងណាមិញ កីឡាករ-កីឡាការិនីទាំងអស់ សុទ្ធតែបានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ ដើម្បីស្វែងរកមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។
លោក ជឹម ធារ៉ា បានឲ្យដឹងថា បេសកកម្មលើកនេះ ក្រៅពីការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ ក៏ជាការប្រកួតជម្រុះ ដើម្បីដណ្ដើមសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងឆ្នាំ២០២៦ ដែលជាឆ្នាំដំបូង សម្រាប់កីឡាយុទ្ធគុនចម្រុះត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ រួមទាំងការដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៧ នៅអារ៉ាប៊ីសាអូឌីត។
គួរដឹងថា ការប្រកួតជើងឯកយុទ្ធគុនចម្រុះអាស៊ី ឆ្នាំ២០២៦ នេះ មានអត្តពលិកចូលរួមសរុប ១៩ប្រទេស ហើយក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមការប្រកួត កម្ពុជាក៏ត្រូវបានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី អញ្ជើញមន្ដ្រីបច្ចេកទេស ២រូបចូលរួមបំពេញការងារក្នុងការប្រកួតដ៏សំខាន់នេះផងដែរ រួមមានលោក ជឹម ធារ៉ា ជាអនុប្រធានអាជ្ញាកណ្តាល និងកកញ្ញា ខៃ ប៊ុណ្ណារី ជាមន្ត្រីបច្ចេកទេសអន្តរជាតិ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន16 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន