ព័ត៌មាន
ត្រឹមឆ្នាំ២០២៥ កម្មវិធីបណ្ដុះបណ្ដាលជំនាញ ១,៥ លាននាក់មានអ្នកចុះឈ្មោះចូលរៀនជិត១៥ម៉ឺននាក់
គិតមកត្រឹមបំណាច់ឆ្នាំ២០២៥, កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឬហៅថា TVET 1,5 M បានទទលការចុះឈ្មោះជិត ១៥ម៉ឺននាក់ ក្នុងនោះយុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះ។
ឯកឧត្តម ថង សាម៉ុន អគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះចូលរៀនទាំងនេះ មានសិស្សកំពុងរៀនសរុបជាង ៧ពាន់នាក់, សិស្សកំពុងរង់ចាំចូលរៀនចំនួនជាង ១ម៉ឺន ៥ពាន់នាក់, សិស្សបញ្ចប់ការសិក្សាចំនួនជិត ៨ម៉ឺននាក់ និងសិស្សមានការងារធ្វើសរុបចំនួនជាង ៥ម៉ឺន ១ពាន់នាក់។
ឯកឧត្តម បានបន្តទៀតថា កម្មវិធីនេះឃើញថា យុវជន ក៏ដូចជាកម្មករនិយោជិត និងបុគ្គលិក នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចុះឈ្មោះចូលរៀននៅក្នុងវគ្គបណ្តុះបណ្តាលជំនាញ ធីវ៉េត ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិនេះ ដែលដឹកនាំដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺលោកបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងនោះ មានកម្មវិធី TVET ១,៥លាននាក់ ដែលបានដាក់ឱ្យអនុវត្តបន្ទាន់មួយ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការអនុវត្តគោលនយោបាយនេះ។
ឯកឧត្តម បានបន្តថា សិក្ខាកាមដែលចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET នេះ គឺមិនមែនត្រឹមតែទទួលបានជំនាញច្បាស់លាស់នោះទេ តែពួកគាត់ទទួលបានសញ្ញាបត្រជំនាញមួយ ដែលពួកគាត់អាចបន្តការសិក្សាជំនាញបន្ថែមទៀតបាន ហើយបន្ថែមពីនេះទៀត សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារក្រីក្រអាចទទួលបានប្រាក់ឧត្ថម្ភមួយខែចំនួន ២៨ម៉ឺនរៀល ផងដែរ។ ឯកឧត្តមឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៦នេះ ដើម្បីជំរុញការចុះឈ្មោះចូលរៀនរបស់យុវជនដែលមកពីគ្រួសារក្រីក្រនិងរងហានិភ័យ ក្នុងកម្មវិធី ធីវ៉េត ១,៥លាននាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងខិតខំរៀបចំជាសកម្មភាព និងផែនការដើម្បីផ្សព្វផ្សាយដោយធ្វើយ៉ាងណាឱ្យព័ត៌មានបានទៅដល់គោលដៅឱ្យពួកគាត់យល់ពីអត្ថប្រយោជន៍នៃការចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។
អ្នកស្រី រៀម ម៉ាលិះ មានស្រុកកំណើតមកពីខេត្តកំពត បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ និងជាសិក្ខាកាមរៀនជំនាញផ្នែកផលិតនំ បាននិយាយឱ្យដឹងថា ការរៀនជំនាញនេះ ក្រៅពីមិនបង់ថ្លៃសិក្សា គឺមានការយកចិត្តទុកដាក់យ៉ាងល្អពីគ្រូបណ្តុះបណ្តាល និងមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់នៅពេលរៀនផងដែរ ពោលគឺមិនតម្រូវឱ្យចាយប្រាក់សូម្បីតែមួយរៀល។ អ្នកស្រី បានអំពាវនាវដល់អ្នកមិនទាន់មានជំនាញ ឬជាជនភៀសសឹកក្តី និងជាពិសេស អតីតពលករត្រឡប់មកពីប្រទេសថៃក្តី អាចចូលរួមចុះឈ្មោះដើម្បីចូលរៀនដោយឥតបង់ថ្លៃក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញនេះ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។
កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញចំនួន៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន16 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន