ព័ត៌មាន
អ្នកស្រាវជ្រាវរកឃើញប្រភេទតុកែប្រភេទថ្មី សម្រាប់ពិភពលោកនៅកម្ពុជា
អ្នកជំនាញនៃក្រសួងបរិស្ថាន សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិច បានរកឃើញតុកែប្រភេទថ្មី សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត ប្រទេសកម្ពុជា។ តុកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា តុកែភ្នំព្រះគុហារហ្លូង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko។ លោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងការសិក្សានេះ បានឱ្យដឹងថា ការស្រាវជ្រាវ រុករក និងប្រមូលសំណាក ធ្វើឡើងក្នុងពេលយប់នៅតាមល្អាងភ្នំ នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត នៅឆ្នាំ២០២១ និង២០២២។ ដើម្បីអាចបញ្ជាក់បានថាជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក អ្នកជំនាញបានធ្វើការពិនិត្យ និងវិភាគទៅលើលក្ខណៈខាងក្រៅ (Morphology) លក្ខណៈខាងក្នុងឬធនធានពន្ធុ (Genetic) និងស្ថិតិវិភាគប្រៀបធៀប ជាមួយនឹងសំណាកនៃប្រភេទ ដែលមានរូបរាងប្រហាក់ប្រហែល ចំនួន១២ប្រភេទផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។

សូមបញ្ជាក់ថា លក្ខណៈសំគាល់របស់ តុកែភ្នំព្រះគុហារហ្លូង គឺជាតុកែដែលរស់នៅតែក្នុងល្អាងភ្នំថ្មកំបោរនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង។ ឈ្មោលពេញវ័យមានប្រវែងខ្លួនវែងបំផុត៧៧.៦មម តូចជាងញី ដែលមានប្រវែង៨០.៧មម ខ្លួនមានបង្កង់សម្បុរត្នោតចាស់ពី៤ទៅ៥កង់។ តាមការសិក្សាតុកែនេះអាចចូលទៅក្នុងរូងថ្មដែលអាចមានជម្រៅរហូតដល់២០ម៉ែត្រនៅពេលថ្ងៃ និងចេញមកជិតៗមាត់ល្អាងនៅពេលយប់ដើម្បីរកចំណី។
តុកែភ្នំព្រះគុហារហ្លូង គឺជាតុកែដែលមានវត្តមានតែនៅក្នុងល្អាងភ្នំនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួងតែមួយគត់ (Endemic Species) ហើយក៏ជាតុកែទី៣ដែលត្រូវបានរកឃើញតែនៅក្នុងល្អាងភ្នំថ្មកំបោរក្នុងនោះមាន C. laangensis ពីភ្នំល្អាងនៅកម្ពុជា និង C. disjunctus នៅប្រទេសថៃ។ តុកែភ្នំព្រះគុហារហ្លូង បានក្លាយជាតុកែបង្កង់ទី១0 ដែលមានវត្តមាននៅកម្ពុជា និងទី៣៦០សម្រាប់អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក។ របកគំហើញនេះបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃជីវៈចម្រុះ និងសក្តានុពលនៃទីជម្រកដ៏ពិសេសដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យមានការសិក្សានិងកត់ត្រាឱ្យបានល្អិតល្អន់។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថាការរកឃើញប្រភេទជីវៈចម្រុះថ្មីៗ នៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា បង្ហាញតម្លៃធនធានធម្មជាតិកម្ពុជា កំពុងត្រូវបានការពារនិងអភិរក្សយ៉ាងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ កាលពីពេលថ្មីៗនេះ ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ព្រៃឈើរបស់កម្ពុជា ដែលជាសូចនាករបង្ហាញពីភាពចាំបាច់ ក្នុងការធ្វើការសិក្សាបន្តនៅកន្លែងផ្សេងទៀត ក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃដីទំហំ ២៥ហិចតា។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ត្រូវបានបង្កើតឡើងដើម្បី ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ និងកម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ មិនតែប៉ុណ្ណោះ ការបង្កើតតំបន់បេតិកភណ្ឌនេះ ក៏ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ការបារធម្មជាតិនានា ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕
អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន16 hours agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន2 days agoហ្វ្រង់កូហ្វូនី លើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួម