ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី ក្នុងការការពារទឹកដី និងដោះស្រាយការលំបាកជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាម
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ឯកឧត្តមបានបន្តថា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី ៧មករា ឆ្នាំ ២០២៦ ថា៖កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់រួចហើយដែរថា៖ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងថវិកាដែលជាជំនួយឧត្ថម្ភរបស់ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការបំផ្លិចបំផ្លាញឱ្យបានឆាប់បំផុត។ ពាក់ព័ន្ធនឹងបូរណភាពទឹកដី សម្តេចធិបតីក៏បានបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន