ព័ត៌មាន
សាលារៀនទូទាំងក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ តែមានចំនួនសិស្សតិចជាងមុន
សាលារៀនទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបើកដំណើរការសិក្សាជាធម្មតាវិញហើយ។ ការបើកដំណើរការ ចាប់ផ្ដើមពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ក្រោយពេលបទឈប់បាញ់ចូលជាធរមាន និងស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ អាចមានសុវត្ថិភាពសម្រាប់ដំណើរការសិក្សា។ ទោះការសិក្សាវិលទៅសភាពដើមក្ដី ចំនួនសិស្សមានការប្រែប្រួលតិចជាងមុន។ នេះបើតាមការបញ្ជាក់របស់ អនុប្រធានការិយាល័យអប់រំ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទិដ្ឋភាពតម្រង់ជួរ ការគោរពទង់ជាតិ ដំណើរការរៀន និងបង្រៀន នៅតាមសាលារៀន នៅក្រុងប៉ោយប៉ែត បានចាប់ផ្ដើមជាថ្មី ក្រោយផ្អាកសិក្សាអស់មួយរយៈមកនេះ។ ការផ្អាកសិក្សា ចាប់តាំងពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ដោយសាលារៀនទើបបើកទ្វារទទួលសិស្សជាថ្មីនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ថ្មីៗនេះប៉ុណ្ណោះ។
កំឡុងពេលផ្អាកការសិក្សានោះ សិស្សខ្លះបានភៀសសឹក សិស្សខ្លះបន្តស្នាក់នៅក្រុងប៉ោយប៉ែតដដែល។ សិស្សខ្លះបានចុះឈ្មោះសិក្សានៅសាលាផ្សេង ដែលនៅក្បែរកន្លែងខ្លួនភៀសសឹក សិស្សខ្លះនៅបន្តសិក្សាតាមប្រព័ន្ធអនឡាញ ជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាដើមរបស់ខ្លួន។
ការបើកទ្វារដំណើរការសិក្សាជាថ្មីនេះ ក៏បានផ្ដល់ស្នាមញញឹមសម្រាប់សិស្សានុសិស្សផងដែរ។ ស្នាមញញឹមក៏ព្រោះពួកគេអាចវិលចូលសិក្សាជាធម្មតាវិញ បានសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ក្ដីបារម្ភបានកាត់បន្ថយ អារម្មណ៍ផ្តោតលើការរៀនក៏មានភាពប្រសើរជាងមុន។ នេះជាការលើកឡើងរបស់ សិស្សសិក្សានៅវិទ្យាល័យ ប៉ោយប៉ែតក្រុង។
លោក ហេង ណូក អនុប្រធានការិយាល័យអប់រំ នៃក្រុងប៉ោយប៉ែត លើកឡើងឱ្យដឹងដែរថា កំឡុងពេលផ្អាកការសិក្សា សាលារៀន លោកគ្រូ អ្នកគ្រូ នៅបន្តមានទំនាក់ទំនងជាមួយសិស្សជាប្រចាំ។ ភ្ជាប់ជាមួយទំនាក់ទំនងនេះ លោកគ្រូ អ្នកគ្រូ ក៏បានទម្លាក់មេរៀនទៅតាមគ្រុប តាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ក៏ដូចជាធ្វើការបង្រៀនផ្ទាល់តាមប្រព័ន្ធអនឡាញផងដែរ។ លោកបន្តថា បច្ចុប្បន្នក្រោយបើកដំណើរការសាលារៀនឡើងវិញ ដំណើរការសិក្សាបានវិលទៅរកសភាពដើមជាធម្មតា តែចំនួនសិស្សជារួមមានការថយចុះ ព្រោះសិស្សមួយចំនួនបានផ្ទេរការសិក្សាទៅសាលារៀននៅក្នុងភូមិសាស្ត្ររាជធានី-ខេត្តដទៃ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក កែម ចន នាយកវិទ្យាល័យ ប៉ោយប៉ែតក្រុង លើកឡើងថា សាលារបស់លោក កំឡុងពេលផ្អាកការសិក្សា សាលានៅតែព្យាយាមផ្ដល់ការបង្រៀនតាមប្រព័ន្ធអនឡាញ។ សាលាមិនចង់ឱ្យសិស្សខកខាន ការទទួលចំណេះដឹងនោះទេ ទោះស្ថិតក្នុងគ្រាលំបាកក្ដី។ លោកជាគណៈគ្រប់គ្រងសាលាពិតជាសប្បាយចិត្ត ពេលដែលសាលារៀនអាចបើកដំណើរជាថ្មីវិញបែបនេះ។
គួររម្លឹកថា ការផ្ទុះអាវុធនៅតាមបណ្ដោខេត្តជាប់ព្រំដែន នៅក្នុងកំឡុងខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ បានបង្ខំឱ្យមានការភៀសសឹក បង្ខំឱ្យមានការបិទទ្វាសាលារៀនជាបណ្ដោះអាសន្នភ្លាមៗជាច្រើន។ ក្រោយបទឈប់បាញ់ ចូលជាធរមាន ពលរដ្ឋភៀសមួយចំនួនក៏បានវិលទៅរស់នៅភូមិដ្ឋានវិញ សាលារៀនមួយចំនួនធំ ក៏បានដំណើរការសិក្សាឡើងវិញ។ តែប្រជាពលរដ្ឋមួយចំនួន ត្រូវបន្តស្នាក់នៅជំរំភៀសសឹក និងសិស្សមួយចំនួនត្រូវបន្តសិក្សានៅតាមរោង តាមអាគារសិក្សាបណ្ដោះអាសន្ន៕ អត្ថបទ៖កឹមហុក








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន14 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន