ព័ត៌មាន
កម្ពុជា-កូរ៉េ ជំរុញបង្កើតកិច្ចសហការឱ្យកាន់តែប្រសើរឡើង លើសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ
កម្ពុជា-កូរ៉េ បាននិងកំពុងជំរុញបង្កើតកិច្ចសហការកាន់តែប្រសើរ និងមានសក្តានុពលខ្ពស់ នៃការបង្កើនទំនាក់ទំនង ក្នុងក្របខណ្ឌ ទេ្វភាគី និងតំបន់ ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មកំពុងរីកលូតលាស់ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃ ប្រទេសទាំងពីរ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទានប្រមាណ ២ ពាន់លានដុល្លារអាម៉េរិក និង ការទទួលយកពលករកម្ពុជាប្រមាណ ៧ ម៉ឺននាក់ ទៅធ្វើការនៅប្រទេសកូរ៉េ។ ចំណែកទំនាក់ទំនងពាណិជ្ជកម្ម បាននិងកំពុងរីកលូតលាស់ គួរឱ្យកត់សម្គាល់ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូ យុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េ មានកិច្ចសហការច្រើនវិស័យហើយក្តី តែ ប្រទេសទាំងពីរ នៅតែមានសក្តានុពលខ្ពស់ ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធច្រើនខាងផ្នែកអភិវឌ្ឍន៍ ព្រមទាំងមានកម្លាំងអូសទាញសេដ្ឋកិច្ចខ្លាំង ទាំង ក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។
ក្នុងជំនួបនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជា ផ្ទាល់ ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ដូចជាកូរ៉េជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការអបអរសារទរ ចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប, ឯកឧត្តមឯកអគ្គរដ្ឋទូត លើកឡើងថា បច្ចុប្បន្នកម្ពុជា-កូរ៉េ មានភាពជិតស្និទ្ធគ្នាយ៉ាងខ្លាំង ក្នុងនោះរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្រការទូត ជាក់ស្តែង ឆ្ពោះទៅរកពិភពលោក ដែលបានកំណត់ដោយឯកឧត្តមប្រធានាធិបតីកូរ៉េ។ ឯកឧត្តម Kim Chang Yong ក៏បាន
សម្តែងនូវក្តីរីករាយ ចំពោះកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា កម្ពុជានៅតែជាប្រទេសដែលទទួលបាននូវ ODA ច្រើនជាងគេពីសាធារណរដ្ឋកូរ៉េ ហើយស្ថានទូតសាធារណរដ្ឋកូរ៉េ នឹងបន្តដើរតួជាថ្នាលតភ្ជាប់វិស័យឯកជនកូរ៉េ-កម្ពុជា, ក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងសម្រេចសមិទ្ធផលវិជ្ជមាន ជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខនៅកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,





-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ