ព័ត៌មាន
ឯកឧត្តម សៅ សុខា ប្រកាសបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្រោយឃើញចន្លោះប្រហោងនៅមជ្ឈមណ្ឌលជាតិបាទី
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនឹងរៀបចំបង្កើតឲ្យមានសាលាមត្ដេយ្យបាល់ទាត់ ដើម្បីធានានិរន្ដរភាពនៃការអភិវឌ្ឍ និងកសាងធនធានកីឡាករ ក៏ដូចជាការបំពេញនូវចំណុចចន្លោះប្រយោង ដែលសហព័ន្ធបានអនុវត្តនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តម បានទទួលការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បន្ដតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាណត្តិឆ្នាំ២០២៦-២០៣០ នៅក្នុងមហាសន្និបាត លើកទី២០ នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្រោយជួបពិភាក្សា និងការផ្ដល់យោបល់ពីអ្នកជំនាញអន្ដរជាតិ ឯកឧត្តមយល់ថា ក្នុងបាល់ទាត់ កត្ដារត់លឿន កម្លាំងខ្លាំង និងភាពឆ្លាតវៃ គឺជារឿងមួយ ដែលក្នុងបច្ចេកទេស គឺគ្រប់គ្រងបាល់ ជារឿងសំខាន់ជាងគេ ហើយដើម្បីអភិវឌ្ឍន៍បច្ចេកទេសគ្រប់គ្រងបាល់បានល្អ លុះត្រាមានការបណ្ដុះផ្នត់គំនិតការលេងបាល់តាំងពីកុមារតូចៗ។ កត្ដានេះ ទើបជំរុញឲ្យឯកឧត្តមរៀបចំផែនការបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្នុងជំហានដំបូងចំនួន ២ នៅខេត្តស្វាយរៀង នាពេលឆាប់ៗខាងមុខ។
ទន្ទឹមជាមួយគម្រោងបង្កើតសាលាមត្ដេយ្យបាល់ទាត់នេះដែរ មិនមែនជារឿងចៃដន្យនោះទេ តែដោយសារការមើលឃើញពីចន្លោះប្រហោង នៃសាលាបាល់ទាត់ជាតិបាទី ក្នុងរយៈពេលកន្លងមក ដែលការទទួលបានលទ្ធផល មិនសមប្រកបនឹងការចង់បាន ក៏ដូចជាការចំណាយដ៏ច្រើន ។ ដូច្នេះឯកឧត្តមសង្ឃឹមថា បន្ទាប់ពីមានសាលាមត្ដេយ្យបាល់ទាត់ នឹងអាចចម្រាញ់បានធនធានកីឡាករថ្នាលបន្ដវេន សម្រាប់ប្រមូលផ្ដុំ និងតម្រង់ទិសពួកគេក្លាយជាកីឡាករអាជីពដ៏មានសក្ដានុពលនាថ្ងៃអនាគត។

គួរដឹងថា ក្រៅពីគម្រោងបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្នុងអាណត្តិថ្មី ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សហព័ន្ធក៏នឹងធ្វើការពង្រឹងការប្រកួតថ្នាក់ខេត្ត ដោយផ្ដោតជាពិសេសលើយុវជនថ្នាល ជាមួយការរៀបចំនូវក្រុមការងារជំនាញ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃឲ្យបានត្រឹមត្រូវ សំដៅឈានទៅជ្រើសរើសបាននូវធនធានកីឡាករយុវជនប្រកបដោយសមត្ថភាព ទេពកោសល្យ ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ និងបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាករអាជីព សម្រាប់ការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ