Connect with us

ព័ត៌មាន

​ បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។

ប្រតិបត្តិការបង្រ្កាបករណី online scamនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ (ស្ត្រី៣នាក់ ) និងជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់(ស្រី្ត១នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមានកុំព្យូទ័រ All in one ចំនួន ៥១គ្រឿង ម៉ូនីទ័រ ចំនួន ១០ គ្រឿង CPU ចំនួន ១១ គ្រឿង Laptop ចំនួន ០២ គ្រឿង ទូរសព្ទបម្រើបទល្មើស ចំនួន ៤៨០ គ្រឿង សក់សិប្បនិម្មិត១២សក់ ⁠ទូដែក១ ។

ចំពោះករណីនេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពឡើយ។

គួររំលេចជូនថាយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញក្នុងរាជធានី-ខេត្ត ខណៈបានជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់ដែលបានចាញ់បោកមេខ្លោង ធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ ក្នុងចំណោមជនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកមាន ២៦ សញ្ជាតិផ្សេងគ្នា។ ជាលទ្ធផល ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ ដោយឡែក សមត្ថកិច្ចក្នុងខេត្តព្រះស៊ីហនុ គិតចាប់ពីពាក់កណ្តាលខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចុះត្រួតពិនិត្យកាស៊ីណូសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៨៩ ទីតាំង មាន៣១៣ អគារ។ ជាលទ្ធផល សមត្ថកិច្ចបានបង្រ្កាប និងសម្រេចបិទខ្ទប់ទីតាំងចំនួន ៥៧ កន្លែង ស្មើនឹង២២៤អគារ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨១នាក់ (ស្តី្រ ៩នាក់) ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី, ចិន, នេប៉ាល់, វៀតណាម, មីយ៉ាន់ម៉ា ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួន ២២៣,៦១០ នាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន។ ទន្ទឹមគ្នានេះ មានក្រុមមេខ្លោងមួយចំនួនបានរត់គេចពីសមត្ថកិច្ច ដោយក្នុងចំណោមនោះ ខ្លះបានចាកចេញទៅកាន់ប្រទេសផ្សេងពីកម្ពុជាដើម្បីនឹងអាចបន្តសកម្មភាពឆបោក និងខ្លះបានលាក់ខ្លួននៅក្នុងប្រទេស ដោយបានប្តូរទម្រង់នៃការឆបោកទៅជាក្រុមតូចៗ ដើម្បីលបលួចប្រព្រឹត្តនៅតាមទីតាំងផ្ទះជួលផ្សេងៗគ្នា និងខ្លះក្នុងរូបភាពចល័ត។ ក្រុមសមត្ថកិច្ចក្នុងរាជធានី-ខេត្តទាំង២៥ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវ​ស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាព ដោយមិនអនុញ្ញាតឱ្យមានការជ្រកប្រព្រឹត្តអំពើល្មើស ទោះសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់​តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

«យើងត្រូវបន្តស្រាវជ្រាវឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យដល់ឬសគល់នៃបញ្ហា ដើម្បីឈានទៅគ្រប់គ្រង និងបោសសម្អាតឱ្យអស់ពីកម្ពុជា» នេះជាប្រសាសន៍លើកឡើងនាពេលថ្មីៗនេះរបស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រីបានអត្ថាធិប្បាយទៀតថា៖ «បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ១០០​ ករណី ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញក៏ផ្តោតផងដែរលើការស្រាវជ្រាវអំពីប្រព័ន្ធនៃលំហូរហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនឆបោកOnline Scams» ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia