ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសួរសុខទុក្ខសម្តេច ហោ ណាំហុង នៅគេហដ្ឋានផ្ទាល់
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅគេហដ្ឋានសម្តេចផ្ទាល់។

នាឱកាសនោះឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្ដម ចូលជួបសំណេះសំណាល និងសួរសុខទុក្ខសម្តេច។ ឯកឧត្តមក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិនដល់សម្តេចផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានជម្រាបជូនថា សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាអតីតសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន គឺជាស្ពានមួយ ដែលរួមចំណែកជួយពួនជ្រុំមិត្តភាពកម្ពុជា និងចិន ឲ្យក្លាយទៅជាមិត្តដែកថែបនៅក្នុងយុគសម័យថ្មី នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ ដូចពេលបច្ចុប្បន្ននេះ។

ជាការឆ្លើយតប សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងអំណរគុណឯកឧត្តម វ៉ាង វិនធាន ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីសួរសុខទុក្ខសម្តេចផ្ទាល់នៅគេហដ្ឋាន។
សម្តេចឥស្សរវិទេសបញ្ញា បានលើកឡើងថា សម្តេច និងឯកឧត្តម វ៉ាង យី គឺជាមិត្តភក្តិដ៏ល្អ និងមានអនុស្សាវរីយ៍ល្អៗ ធ្វើការជាមួយគ្នាយ៉ាងជោគជ័យជាច្រើន ដើម្បីពង្រឹងមិត្តភាពកម្ពុជា និងចិន ដែលសម្តេចមិនអាចបំភ្លេចបានឡើយ។ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានក្តុកក្តួលយ៉ាងខ្លាំងនៅពេលរំលឹកពីអនុស្សាវរីយ៍ទទួលទានអាហារជាមួយឯកឧត្តម វ៉ាង យី ដោយលោកបានទះស្មាសម្តេច និងនិយាយថា «មិត្តចាស់» ដែលពាក្យនេះ ធ្វើឲ្យសម្តេចចងចាំអស់មួយជីវិត។

បន្ថែមលើនេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានលើកឡើងទៀតថា បើទោះបីជាពិភពលោក មានបម្រែបម្រួលខ្លាំងយ៉ាងណាក៏ដោយក៏កម្ពុជា និងចិននៅតែជាមិត្តដ៏ល្អនឹងគ្នាជានិច្ច។
ជាចុងក្រោយ សម្តេចបានផ្តាំតាមរយៈ ឯកឧត្តម វ៉ាង វិនធាន ឲ្យជួយសួរសុខទុក្ខ ឯកឧត្តម វ៉ាង យី ដែលជាមិត្តល្អរបស់សម្តេចផងដែរ៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣