ព័ត៌មាន
កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ត្រូវបានកែលម្អរ និងដាក់ឱ្យប្រើប្រាស់
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នកម្មលើកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh។ កម្មវិធីទូរស័ព្ទដៃ និងគេហទំព័រនេះ ជាបណ្តុំមាតិកាឌីជីថល សម្រាប់ការគាំទ្រដល់ការរៀនស៊ីជម្រៅ ការបង្រៀនពីចម្ងាយ ការផ្សព្វផ្សាយសៀវភៅសិក្សា ការពង្រឹងសមត្ថភាពអំណាន ការបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប ការពង្រីកចំណាប់អារម្មណ៍លើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការធ្វើតេស្តសមត្ថភាព និង ការអនុវត្តក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh គឺជាវេទិកាឌីជីថលមួយ ក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួងអប់រំ។ កម្មវិធីនិងគេហទំព័រនេះ ប្រមូលផ្តុំមាតិកាឌីជីថលពេញលេញ និងសម្បូរបែប ដោយមានវីដេអូ សន្លឹកកិច្ចការ និងសៀវភៅអនុវត្តគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជា ហើយគ្រប់មេរៀន ដែលផ្តោតគោលដៅលើការពង្រឹងតួនាទីគ្រូក្នុងការតម្រង់ទិសការសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំឌីជីថល។
លក្ខណៈពិសេសនៃវេទិកាឌីជីថលនេះ គឺផ្តោតលើការលើកកម្ពស់តួនាទីគ្រូកាន់តែប្រសើរជាងមុន ក្នុងការពន្យល់ណែនាំសិស្ស ឱ្យទទួលបានបទពិសោធន៍ពីការសិក្សាកាន់តែពេញលេញ និងទទួលបានលទ្ធផលនៃការសិក្សាកាន់តែប្រសើរ។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានវិភាគទិន្នន័យស្តីពីចំណង់ចំណូលចិត្ត និងបែបផែន នៃការសិក្សារបស់សិស្សានុសិស្សកម្ពុជា ដើម្បីបង្កើតប្រព័ន្ធវិភាគដើម្បីផលិតជាបន្តបន្ទាប់ នូវមាតិកាឌីជីថលដែលមានភាពពេញលេញ ហើយកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ក្លាយទៅជាអេកូស៊ីស្តែមនៃការអប់រំឌីជីថល ដោយ មានសមាសធាតុសំខាន់ៗចំនួន៨ ៖
១. សិក្ខាល័យ ៖ គាំទ្រការរៀនដោយស៊ីជម្រៅដោយធនធានសិក្សា សំបូរបែប និងលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស ពីថ្នាក់ទី៧ដល់ទី១២ គ្រប់មេរៀន មុខវិជ្ជា និងកម្រិតថ្នាក់ ដោយមានកញ្ចប់វីដេអូ និងសន្លឹកកិច្ចការរៀនជាលក្ខណៈសង្ខេបមុនពេលចូលរៀន ឬរៀនជាពិស្តារជួយដល់ការរៀនក្នុងថ្នាក់ និងសំណួរចម្លើយបន្ទាប់ពីរៀនក្នុងថ្នាក់រួច។
២. បណ្ណាល័យ ៖ ឃ្លាំងសៀវភៅសម្រាប់ការសិក្សាពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា ដែលអាចប្រើប្រាស់ជាធនធានសិក្សា និងធនធានអំណាន។
៣. បាក់ឌុប ៖ កម្រងឯកសារ និងវិញ្ញាសាពង្រឹងសមត្ថភាពសម្រាប់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
៤. សាស្រ្តាល័យ ៖ បណ្តុំវីដេអូកំសាន្តនិងអប់រំ លើកកម្ពស់ចំណាប់អារម្មណ៍លើការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់សិស្សានុសិស្សវ័យក្មេង ដោយប្រែក្លាយភាពស៊ាំញ៉ាំ និងស្មុគ្រស្មាញនៃវិទ្យាសាស្រ្ត មកជាការរីករាយកំសាន្ត ។
៥. Live Teaching ៖ ការបង្រៀនពីចម្ងាយដោយផ្សាយបន្តផ្ទាល់ ដោយសាស្រ្តាចារ្យដែលមានបទពិសោធន៍ ជារៀងរាល់ថ្ងៃអាទិត្យពេញមួយថ្ងៃ និងជារៀងរាល់ល្ងាចវេលាម៉ោង១៩៖០០។
៦. ពិសោធន៍ ៖ កម្រងឯកសារសម្រាប់ការអនុវត្តជាក់ស្តែង និងការសិក្សាក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត ។
៧. តេស្តសមត្ថភាព ៖ វេទិកាអន្តរកម្មសម្រាប់វាស់ស្ទង់សមត្ថភាពសិស្ស ដោយវិញ្ញាសាថ្នាក់ជាតិ និងអន្តរជាតិ មានលក្ខណៈអន្តរកម្ម ដែលអនុញ្ញាតឱ្យសិស្សអាចវាយតម្លៃសមត្ថភាពខ្លួន នៅពេលបញ្ចប់មេរៀននីមួយៗ។
៨. អក្ខរា ៖ កម្មវិធីទូរស័ព្ទដៃដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាលើកដំបូង លើកកម្ពស់សមត្ថភាពអំណាន ជាខេមរភាសា ជាពិសេសចំពោះសិស្សនៅកម្រិតមធ្យមសិក្សា ដែលមានបញ្ហាផ្នែកអំណាន។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅក្នុងអេកូស៊ីស្តែមនៃការអប់រំ ដើម្បីកសាងមូលធនមនុស្សក្នុងបរិការណ៍នៃបរិវត្តកម្មសង្គមនិងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិតមាតិកាបង្រៀន និងផ្សព្វផ្សាយ ការងារទាំងនេះឱ្យកាន់តែទូលំទូលាយ៕






អត្ថបទ៖ គឹមហុក
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ