Connect with us

ព័ត៌មាន

ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្ដេជ្ញាពង្រីកកិច្ចសហការលើវីស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធាជាមួយកម្ពុជា

ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដែងការគួរសមនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បាន​ជម្រាប​ជូន​សម្ដេចតេជោថា លោកជំទាវនឹងខិតខំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្ម ​វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។

ក្នុងឱកាស​ជំនួបនេះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍ និងអបអរ​សាទរ​យ៉ាង​កក់​ក្តៅជូ​នដល់លោកជំទាវអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាពនៃប្រទេសហ្វីលីពីន ប្រចាំកម្ពុជា។ សម្តេចតេជោមានជំនឿថា លោក​ជំទាវ​អគ្គ​រដ្ឋទូត នឹងខិតខំបន្តបេសកកម្មពង្រឹង ចំណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេស កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ក្រប​ខណ្ឌ​គ្រួសារ​អាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​អាស៊ាន​។

នៅក្នុងជំនួបនេះ លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីន បានថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​សម្តេច​តេជោ និងចាត់ទុកថានេះជាកិត្តិយសដ៏ធំធេង ដែលសម្តេចបានអនុញ្ញាតឱ្យលោកជំទាវ បាន​គោរពជួបសម្តែងការគួរសម ក្រោយពីលោកជំទាវ​បាន​ថ្វាយសារ​តាំង​ចំពោះ​ព្រះករុណា​ព្រះមហា​ក្សត្រ រួចមក។ លោកជំទាវ ក៏បានពាំនាំនូវសេចក្តី​អំណរ​គុណ​រប​ស់​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន ឆ្លើយតបនឹងលិខិតអបអរសាទរយ៉ាងកក់ក្តៅរបស់ សម្តេចតេជោក្នុង​ឱកាស​ដែល​ ឯកឧត្តម ទើបបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។

លោកជំទាវអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលកាន់តែរីកចម្រើន និងរឹងមាំនាពេលកន្លងមក តាមរយៈ​ជំនួប​ជា​បន្ត​បន្ទា​ប់​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ គឺជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ម៉ាកូស ក្នុង​ឆ្នាំ២០២២, ជំនួបរវាងសម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីឆ្នាំ២០២៣ នៅទី​ក្រុង​ហ្សាកាតា និងចុងក្រោយបំផុតថ្មីៗនេះក្នុងឆ្នាំ២០២៤ គឺជំនួបរវាងសម្តេចធិបតី និង​ឯកឧត្តម​ប្រធានាធិបតី នៅទីក្រុងមែលប៊ន។

លោកជំទាវអគ្គរដ្ឋទូត បានបន្តទៀតថា កម្ពុជា និងហ្វីលីពីន បានរៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីចំនួន៤ដងរួចមកហើយ ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ ហ្វីលីពីន​នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការនេះ នៅទីក្រុងម៉ានីល ដើម្បីពិនិត្យ និង​កំណត់ឡើងវិញនូវផែនការសកម្មភាព និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ។

លោក​ជំទាវអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ក្នុងអាណត្តិបេសកកម្ម​ការ​ទូត​នៅ​ប្រទេស​កម្ពុជា លោកទាវ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្ន​គឺ​មាន​ក្រុម​ហ៊ុន​ហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា លើផ្នែកសុខាភិបាល អប់រំ និង​ឧស្សាហកម្ម​កែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីន កំពុង​សម្លឹង​មើល​ឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែម លើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្ម​កែច្នៃ​អាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម។

លោកជំទាវ បានជម្រាបសម្តេចតេជោថាហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម​សហការ​​ជា​មួយ​កម្ពុជា ដើម្បី​បង្កើត​គណៈកម្មការ​រួម​កម្រិត​ខ្ពស់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីន​ធើណេត ការឆបោកតាមប្រព័ន្ធ អនឡាញ និងការជួញដូរមនុស្ស ដែលជាកង្វល់​រួម​នៃ​ប្រ​ទេស​យើង​ទាំងពីរ។ លោកជំទាវ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក​តែង​បាន​គាំទ្រ និងការពារប្រជាជនហ្វីលីពីន ដែលមកធ្វើការ​​ និង​រស់​នៅ​ក្នុង​ប្រទេសកម្ពុជា​ដោយ​គ្មាន​ការ​រើស​អើង។ លោកជំទាវ បានសំណូមពរ សម្តេច មេត្តាបន្តជួយគាំទ្រ និងផ្តល់ការ​យក​ចិត្ត​ទុកដាក់​ដល់​សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស បុគ្គលិកក្រុមហ៊ុន និងបុគ្គលិក​សាសនា​។

ជាការឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​កម្ពុជា និងហ្វីលីពីន សម្រេចបាន ដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមក តាំងពី​អតីត​កាល​មក​។ សម្តេច មានមោទនភាព​ដែល​បានរួម​ចំណែក​ធ្វើឱ្យ​ទំនាក់​ទំនង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែរីកចម្រើន និងរឹងមាំ ដោយសម្តេច បានធ្វើការផ្ទាល់ និងជិតស្និទ្ធជា​មួយ​ប្រធានា​ធិបតី​ហ្វីលីពីន និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលភាគច្រើនជាមិត្តរបស់សម្តេច ចាប់តាំង​ពី​ដំណាក់​កាល​ស្វែង​រក​ដំណោះស្រាយបញ្ហានយោបាយចំពោះប្រទេសកម្ពុជា ជាពិសេស ចាប់ពីកិច្ចប្រជុំ JIM-1, JIM-2 (Jakarta Informal Meetings) មក។

សម្តេចមានប្រសាសន៍បន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបាន​ពង្រឹង​ពង្រី​ក​បន្ថែម​ទៀតក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ។ សម្ដេចបាន​ចាត់​ទុក​ថា ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជា ដោយសម្ដេច​បាន​ចាក​ចេញ​ពី​នាយករដ្ឋមន្ត្រីទៅជាប្រធានព្រឹទ្ធសភាក៏ដោយ ក៏កម្ពុជាពុំមាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​គោល​នយោ​បាយ​ការ​បរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីននោះទេ។

សម្ដេចបាន​ធ្វើការ​កត់​សម្គាល់​ថា​យើង​មាន​សក្តានុពល​ច្រើន​ដែល​ត្រូវពិនិត្យរួមគ្នាប្រើប្រាស់​ដើម្បី​ផល​ប្រយោជន៍ និងការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេចតេជោបានបង្ហាញនូវសេចក្តីរីករាយ ចំពោះ​ពាណិជ្ជកម្មទ្វេភាគី ដែលកន្លងមកហ្វីលីពីន បាននាំចូលអង្ករកម្ពុជា។ សម្តេច បាន​ស្វាគមន៍​រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា សម្ដេច​បានផ្ដល់អនុសាសន៍​ថា​ហ្វីលីពីន​គួរ​តែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយ​វិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន 100% នៅកម្ពុជា រៀបចំជាយន្តការ​ប្រមូល​ទិញ​ស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូច​ជា​នៅ​ទៅកា​ន់​បណ្ដាប្រទេសផ្សេងទៀត។

សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីនត្រូវតែ​ទាញ​យក​សក្តានុពល​សេដ្ឋកិច្ច​ពី​កិច្ច​ព្រម​ព្រៀង​តំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) និងកិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុង​ជ្រោយ (RCEP) ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។ សម្ដេចតេជោបានសង្កេតឃើញថាក្នុងពេលដែលជំងឺកូវីត-១៩ បានរាតត្បាត ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាងបណ្ដាប្រទេសអាស៊ានក្នុងក្របខណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេស នៅក្នុងវិស័យសន្តិសុខស្បៀងនិងថាមពល។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានស្នើលោកជំទាវអគ្គរដ្ឋទូត ខិតខំឱ្យ​មាន​ជើង​ហោះហើរ​ផ្ទាល់​ពី​ហ្វីលីពីន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ដែល​ជា​កត្តា​សំខាន់​រួម​ចំណែក​ដល់​ការ​តភ្ជាប់​ប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីនផងដែរ។

សម្តេចតេជោ និង​លោកជំទាវអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់បីបញ្ហាអន្តរជាតិ និងជាពិសេស​បញ្ហា​ជម្លោះ​នៅក្នុងតំបន់អាស៊ាន ដែលមានវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលកា​ន់​តែ​ធ្ងន់​ធ្ងរ​ និង​អូស​បន្លាយ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង សម្ដេច​តេជោ​បាន​ស្វាគមន៍ការសន្ទនាដែលហ្វីលីពីនកំពុងធ្វើការសន្ទនាជាមួយនឹងចិន ក៏ដូចបណ្ដា​ប្រទេស​ពាក់ព័ន្ធ មានវៀតណាម ។ល។ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរក​ដំណោះ​ស្រាយ​ដ៏​ជាក់​លាក់​មួយ​នៅក្នុងការសម្រួលសភាពការណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ សម្ដេចតេជោ​ក៏​បាន​សង្កត់​ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរត្រូវ៖ ចំនុចទី១) គឺភាគីទាំងអស់​នៅ​ក្នុង​តំបន់​សមុទ្រចិនខាងត្បូងត្រូវ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ DOC ដែលបានចុះហត្ថ​លេខា​នៅ​រាជធានីភ្នំពេញកាលពីក្នុងឆ្នាំ២០០២, ចំនុចទី២) ស្នើសុំឱ្យភាគី​ពាក់ព័ន្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ធ្វើ​ការ​សម្របសម្រួលគ្នាដើម្បីចៀសវាងជម្លោះណាមួយ ហើយពិភាក្សាប្រក​ប​ដោយ​ន័យ​ស្ថាបនា​ ចៀសវាងមានភាពតានតឹងក្នុងតំបន់,ចំណុចទី៣) គឺជំរុញតួនាទី​របស់​អាស៊ាន​ និង​បណ្ដា​ប្រទេស​ពាក់ព័ន្ធធ្វើការចរចាដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិ (COC) ឱ្យ​បាន​ឆាប់​។ សម្ដេចបានចាត់ទុកថាបើ COC បានសម្រេចហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង, បណ្ដា​ប្រទេសនៅក្នុងតំបន់នឹងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ហើយសមុទ្រ​ចិន​ខាង​ត្បូង​អាច​ក្លាយ​ជា​ច្រកដ៏សំខាន់មួយសម្រាប់​ពាណិជ្ជកម្ម​រវាង​បណ្ដាល​ប្រទេស​នៅ​ក្នុង​តំប​ន់​ក៏ដូច​ជា​អន្តរជាតិ​។

ចំពោះបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត ការបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស សម្តេច​តេជោបានគាំទ្រឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរខិតខំធ្វើការរួមគ្នា ដើម្បី​ធ្វើ​ការ​បង្រ្កាប​ និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់លើក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណេតនេះ ដែល​កន្លងមកតែងចល័តទៅមកក្នុងចំណោម ប្រទេសអាស៊ាន និងបានធ្វើឱ្យ​ខូច​ឈ្មោះប្រ​ទេស​កម្ពុជា និងហ្វីលីពីន។ សម្តេច ក៏បានប្រាប់ទៅលោកជំទាវអគ្គរដ្ឋទូតបន្ថែមថា កម្ពុជានឹង​បន្ត​យក​ចិត្ត​ទុក​ដាក់ និងការពាររាល់ផលប្រយោជន៍សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និង​រស់​នៅ​ក្នុងប្រទេសកម្ពុជាប្រកបដោយភាពសុខសាន្ត។

លោកជំទាវ​អគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានថា អស់រយៈពេលជាង៤២ឆ្នាំ ដែលលោកជំទាវ បម្រើ​ការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន លោកជំទាវ តែងបាន​តាម​ដាន​រាល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្នុងនោះលោកជំទាវ តែងបានកោតសរសើរ និងស្ញប់ស្ញែង​ចំពោះ​ក្តីស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​របស់សម្តេចតេជោ មានចំពោះសហគមន៍អាស៊ាន។ លើសពីនោះ សម្តេចតេជោ គឺជា​កម្លាំង​មគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​វិវត្ត​រប​ស់​អាស៊ាន​។ ជាថ្មីម្តងទៀត លោកជំទាវ សូមថ្លែងអំណរគុណសម្តេច ដែលបានអនុញ្ញាត​ឱ្យ​លោក​ជំទាវ ចូលជួប និងទទួលបានចំណេះដឹងជាច្រើន ពីការសន្ទនាជាមួយសម្តេច ក្នុងឱកាសនេះ។

ជា​ទី​បញ្ជប់ សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើការសួរសុខទុក្ខ តាមរយៈ​លោក​ជំទាវ​អគ្គ​រដ្ឋទូត​ ជូនទៅឯកឧត្តមប្រធាន​​ព្រឹទ្ធសភា និង ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ព្រមទាំងជូន​ពរ​លោក​ជំទាវ​អគ្គរដ្ឋទូត និងសហការីនៃស្ថានទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទទួល​បាន​នូវ​សេចក្តីសុខសប្បាយ និងសុខភាពល្អ ក្នុងការស្នាក់នៅ និងបំពេញបេសកកម្ម​នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា៕

អត្ថបទ: BTV NEWS

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia